(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានប្រទានព្រះរាជទ្រព្យចំនួន៤លានរៀល ដើម្បីចូលរួមរំលែកទុក្ខគ្រួសារសព ដែលស្លាប់ដោយករណីរលំបាក់អគារម្នាក់ៗ ព្រមទាំងឧបត្ថម្ភជួយដល់អ្នករងរបួសម្នាក់ៗ២លានរៀល។
សរុបថវិកាដែលប្រទានដោយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង គឺគ្រួសារជនរងគ្រោះ ដែលបាត់បង់ជីវិតក្នុងម្នាក់ៗ ទទួលបាន៤លានរៀល ចំណែកអ្នករងគ្រោះទទួលបាន២លានរៀល។
ព្រះរាជអំណោយនេះត្រូវបាន សម្តេចចៅហ្វាវាំងគង់ សំអុល រដ្ឋមន្រ្តីព្រះបរមរាជវាំង យកទៅប្រគល់ជូនជនរងគ្រោះ និងគ្រួសារសាច់ញាតិជនរងគ្រោះដោយផ្ទាល់ដៃ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ។
ជាមួយគ្នានេះ សម្តេចចៅហ្វាវាំង គង់ សំអុល ក៏បាននាំយកនូវព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលសម្តែងនូវការសោកស្តាយ និងការចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ ដែលបាត់បង់ជីវិតដោយឧបទ្ទវហេតុរលំបាក់អគារខាងលើនេះផងដែរ។
សូមបញ្ជាក់ថា កាលពីទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ មានករណីរលំបាក់សំណង់អគារកម្ពស់៧ជាន់មួយ នៅខេត្តព្រះសីហនុ ដែលបានបណ្តាលឱ្យមានអ្នកស្លាប់២៨នាក់ និងអ្នករបួស២៦នាក់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ថវិកាសម្រាប់ឧបត្ថម្ភដល់គ្រួសារជនរងគ្រោះ ដែលស្លាប់ដោយការរលំបាក់អគារ៧ជាន់ នៅខេត្តព្រះសីហនុ អាចកើនដល់៧ម៉ឺនដុល្លារក្នុងម្នាក់ៗ ចំណែកជនរងគ្រោះនឹងទទួលបានប្រាក់ឧបត្ថម្ភជាង១ម៉ឺនដុល្លារ ក្នុងម្នាក់ៗផងដែរ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសន្និសីទសារព័ត៌មាន នាយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោយបិទបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះ ដែលស្លាប់ និងរបួស ក្នុងហេតុការណ៍រលំបាក់អគារ នៅខេត្តព្រះសីហនុ៕