(រតនគិរី)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសតែងតាំងលោក ដួច ប៊ុនណា ឲ្យចូលកាន់មុខតំណែងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តរតនគិរី ជំនួសលោក ទន់ សុថារ័ត្ន ប្រធានមន្ទីរចាស់ ដែលបានចូលនិវត្តន៍។

ពិធីខាងលើនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាខេត្តរតនគិរី ក្រោមអធិបតីភាពលោក វង់ សណ្តាប់ អនុរដ្ឋលេខាតំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ពិធីនេះក៏មានការចូលរួមពីលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ម៉ួង ប៉ាង អភិបាលខេត្តស្តីទី ព្រមទាំងអស់លោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារផងដែរ។

បន្ទាប់ពីលោក ទន់ សុថារ័ត្ន ធ្វើរបាយការណ៍សង្ខេបពីលទ្ធផលការងាររយៈពេលកន្លងមករួច លោក វង់ សណ្តាប់ បានប្រគល់ប្រកាសតែងតាំងលោក ដួច ប៊ុនណា ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ពីពេលនេះតទៅ។

លោក វង់ សណ្តាប់ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចជ្រើសរើសយកប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមពាក្យស្លោក «កែទម្រង់ គឺរស់ បើមិនកែទម្រង់គឺស្លាប់»។ ក្នុងន័យនេះ ការងារកែទម្រង់ជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលដើម្បីដឹកនាំកម្ពុជា ឈានទៅសម្រេចបានជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ទន្ទឹមនឹងនេះ លោកអនុរដ្ឋលេខាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានផ្តាំផ្ញើដល់លោក ដួច ប៊ុនណា ដែលជាប្រធានមន្ទីរថ្មី ត្រូវខិតខំអនុវត្តតួនាទីភារកិច្ច ដែលអង្គភាពប្រគល់ជូន ធ្វើឲ្យការងារហិរញ្ញវត្ថុខេត្ត មានការរីកចម្រើន និងសហប្រតិបត្តិការល្អទន់ភ្លន់ ម៉ត់ចត់ជាមួយគ្រប់មន្ទីរជំនាញរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងគោលនយោបាយកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងហិរញ្ញវត្ថុ ឲ្យកាន់តែប្រសើរឡើង។

លោក វង់ សណ្តាប់ បន្ថែមទៀតថា ក្រៅពីនេះ ត្រូវខិតខំប្រឹងប្រែងបំពេញមុខនាទីរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវអភិក្រម ការងារដឹកនាំ និងគ្រប់គ្រងអង្គភាពតាមគោលការណ៍បុរេសកម្ម ការបំពេញការងារជាក្រុម នានាឲ្យមានតម្លាភាព ប្រសិទ្ធភាពការងារ និងទទួលខុសត្រូវប្រកបដោយវិជ្ជាជីវៈខ្ពស់៕

.