(ភ្នំពេញ)៖ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងសមាជិក សមាជិកា នៃក្រុមប្រឹក្សាធម្មនុញ្ញទាំងអស់ បានផ្ញើសាររំលែកទុក្ខ ចំពោះក្រុមគ្រួសារជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់ ៧ជាន់ សង្កត់លើស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅក្នុងសារលិខិតចូលរួមរំលែកទុក្ខ លោក អ៊ឹម ឈុនលឹម បានបង្ហាញពីសេចក្តីរន្ធត់តក់ស្លត និងក្រៀមក្រំជាអនេកចំពោះសោកនាដកម្ម នៃការបាក់រលំអគារ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបណ្តាលឱ្យកម្មករ កម្មការិនី បម្រើការក្នុងការដ្ឋាននោះជាច្រើននាក់ បានស្លាប់បាត់បង់ជីវិត និងរងរបួស។
លោក អ៊ឹម ឈុនលឹម សមាជិក សមាជិកា និងក្រុមគ្រួសារទាំងមូល សូមចូលរួមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុត ជាមួយក្រុមគ្រួសារនៃសពទាំងអស់ និងសូមបួងសួងគុណព្រះរតនត្រៃជួយពាំនាំដួងវិញ្ញាណក្ខន្ធ អ្នកដែលបានបាត់បង់ជីវិតទាំងអស់ បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងសូមជូនពរដល់បងប្អូនជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សូមឱ្យឆាប់បានជាសះស្បើយ ដើម្បីវិលទៅប្រកបជីវភាពរស់នៅជាប្រក្រតីឡើងវិញ៕