(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គិតមកដល់ពេលនេះ ការចុះបញ្ជីយានយន្តជារួមមានជិត ៥លានគ្រឿងហើយ បានចុះបញ្ជីរួចរាល់ ដែលក្នុងរង្វង់៥លានគ្រឿងនេះ ភាគច្រើនជាម៉ូតូ ក្នុងនោះមានរថយន្តតែជិត ១លានគ្រឿងប៉ុណ្ណោះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះ នាល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងកម្មវិធីផ្សព្វផ្សាយជាសាធារណៈ របស់គម្រោងទំនើបកម្មប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យបច្ចេកទេសយានយន្ត នៅផ្សារទំនើបអ៊ីអនមល សែនសុខ។ ពិធីនេះក៏មានការចូលរួមពីលោក អូតា ម៉ាសាយ៉ា ប្រធានទីប្រឹក្សាគម្រោង JICA / MVRI, លោក ស៊ូហ្គាណុ យូអ៊ិឈិ ប្រធានតំណាងការិយាល័យ JICA ប្រចាំនៅកម្ពុជា, លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក រួមទាំងមានអ្នកចូលរួមជាច្រើនរូបទៀតផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមទៀតថា ការចុះបញ្ជីយាន្តយន្តតាមប្រព័ន្ធអនឡាញ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតឡើងរយៈពេលជាង១ឆ្នាំកន្លងមកនេះ គឺបានបង្កើតភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋជាច្រើន ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋចង់ទិញស្លាកលេខប្រភេទណា គឺអាចទិញយកលេខនោះបានចិត្ត ដែលមានតម្លៃនៅក្នុងប្រព័ន្ធអនឡាញ ទាំងអស់ ដោយមិនមានការកែប្រែតម្លៃដើម្បីយោគយល់គ្នានោះទេ។
រដ្ឋមន្ដ្រីក្រសួងសាធារណការ បានបន្ថែមទៀតថា ក្រសួងសាធារណការ ក៏បានកំពុងតែរៀបចំការតភ្ជាប់ប្រព័ន្ធអនឡាញរបស់ក្រសួង ទៅជាមួយប្រព័ន្ធអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីបង្កើតឱ្យមានភាពងាយស្រួលក្នុងការប្តូរកម្មសិទ្ធ ពេលលក់យានយន្ត គឺមិនចាំបាច់ទៅច្រើនកន្លែងដើម្បីផ្លាស់ប្តូរកម្មសិទ្ធយានយន្តនោះទេ គឺទៅតែមួយកន្លែង ហើយបំពេញសំណុំបែបបទ ដើម្បីកាត់ឈ្មោះតែម្តង។
លោក អូតា ម៉ាសាយ៉ា បានលើកឡើងដែរថា ដោយសារតែវឌ្ឍនភាពនៃការកើនឡើងនូវចំនួនយានយន្ដយ៉ាងឆាប់រហ័ស ប្រទេសកម្ពុជា បានប្រឈមមុខនឹងកត្តាជាច្រើន ដូចជា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាដើម ហើយទាក់ទងនឹងបញ្ហានេះដែរ ទីប្រឹក្សាគម្រោង JICA/MVRI នឹងធ្វើកិច្ចសហការជាមួយកម្ពុជា ក្នុងការដោះស្រាយនូវបញ្ហានេះ ដោយការប្រើនូវបទពិសោធន៍ល្អៗ និងចំណេះដឹងរបស់ជប៉ុន។ ដូច្នេះ គម្រោង JICA/MVRI នេះធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធចុះបញ្ជីរ និងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជិនិះ និងដោះស្រាយបញ្ហា ដែលទាក់ទងទៅនឹងប្រព័ន្ធព័ត៌មានវិទ្យាផ្សេងៗផងដែរ៕