(ភ្នំពេញ)៖ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ព្រមទាំង លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈកម្មការទី៥ នៃរដ្ឋសភា បានសម្តែងនូវការសោកស្តាយ និងរន្ធត់ចិត្តជាពន់ពេក ជាមួយក្រុមគ្រួសារសពជនរងគ្រោះទាំង២៨រូប ដែលបានស្លាប់បាត់បង់ជីវិតដោយសារគ្រោះឧបទ្ទវហេតុរលំអគារនៅខេត្តព្រះសីហនុ។
លោក ឈាង វុន បានគូសបញ្ជាក់ដូច្នេះ «ខ្ញុំ និងភរិយា រួមទាំងសមាជិក សមាជិកាគណៈកម្មការទី៥ នៃរដ្ឋសភា មានសេចក្តីរន្ធត់ តក់ស្លុត និងសោកស្តាយ ជាទីបំផុត ចំពោះឧបទ្ទវហេតុបាក់រលំអគារសំណង់កម្ពស់៧ជាន់ ដែលកំពុងសាងសង់នៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដែលបណ្តាលឱ្យមានការបាត់បង់ជីវិត និងរបួសដល់បងប្អូនប្រជាពលរដ្ឋជាកម្មករ កម្មការិនី ដែលកំពុងបម្រើការក្នុងការដ្ឋាននោះ»។
លោក ឈាង វុន បន្តថា «ក្នុងឱកាសដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកនូវសមានទុក្ខក្តុកក្តួល និងសោកស្តាយ ស្រណោះ ជូនចំពោះក្រុមគ្រួសារទាំងអស់ របស់ជនរងគ្រោះដែលបានបាត់បង់សមាជិកគ្រួសាររបស់ខ្លួននៅ ក្នុងសោកនាដកម្មដ៏សោកសៅនេះ»។
ក្នុងនាមអ្នកនាំពាក្យរដ្ឋសភា និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា លោក ឈាង វុន បានបួងសួងដល់វិញ្ញាណក្ខន្ធរបស់ជនរងគ្រោះ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
លោកក៏បានជូនពរអ្នករងរបួស ហើយកំពុងសំរាកព្យាបាល សូមបានឆាប់ជាសះស្បើយដើម្បីឆាប់វិលមកប្រកបជីវភាពឡើងវិញ៕