(កំពង់ស្ពឺ)៖ យ៉ាងហោចណាស់មានរថយន្តស៊េរីទំនើបចំនួន ៥គ្រឿង ត្រូវបានសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ស្រាវជ្រាវរហូតឈាន ទៅបង្ក្រាបបាន នៅចំណុចភូមិសាស្ត្រក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។
បើតាមរបាយការណ៍សាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ បានឱ្យដឹងថា រថយន្តស៊េរីទំនើបដែលស្រាវជ្រាវបង្ក្រាបបានទាំង០៥គ្រឿង រួមមានទី១៖ រថយន្តម៉ាក Lexus 350 ផលិតឆ្នាំ2012 ពាក់ស្លាកលេខភ្នំពេញ 2AS-2244, ទី២៖ រថយន្តម៉ាក TOYOTA Vellfire ផលិត ឆ្នាំ2013 ពាក់ស្លាកលេខខេមរភូមិន្ទ ខ.ម 01-2-2547, ទី៣៖ រថយន្តម៉ាក Lexus GS300 ផលិត ឆ្នាំ2006 ពាក់ស្លាកលេខ ភ្នំពេញ2AG-3893, ទី៤៖ រថយន្តម៉ាក TOYOTA Land Cruiser ផលិត ឆ្នាំ2011 ពាក់ស្លាកលេខភ្នំពេញ 2AO-9313 និងទី៥៖ រថយន្តម៉ាក Rang Rover ផលិតឆ្នាំ2006 ពាក់ស្លាកលេខខេមរភូមិន្ទ ខម 02-2-1528។
បើទោះបីរថយន្តទាំង ៥គ្រឿង មានបំពាក់ស្លាកលេខពិតមែន តែតាមការស្រាវជ្រាវរបស់សាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ បានរកឃើញថា រថយន្តមិនទាន់បានបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលឱ្យបានត្រឹមត្រូវឡើយ ទើបឈានទៅបង្ក្រាបឃាត់ទុកបែបនេះ។
បន្ថែមពីនេះ សាខាគយ បានស្នើសុំឱ្យពលរដ្ឋមេត្តាចូលរួមបំពេញកាតព្វកិច្ចពន្ធគយ និងរដ្ឋាករឱ្យបានត្រឹមត្រូវ ហើយរាល់ការទិញ ឬលក់រថយន្តត្រូវពិនិត្យផ្ទៀងផ្ទាត់ គ្រប់ឯកសារគយច្បាស់លាស់ផងដែរ។
សូមបញ្ជាក់ថា ករណីបង្ក្រាបបទល្មើសគយទាមទារឱ្យមន្ត្រីគយ បើកការស្រាវជ្រាវប្រមូលព័ត៌មានឱ្យបានច្បាស់លាស់ ប្រកបដោយវិជ្ជាជីវៈ និងច្បាប់។ បច្ចុប្បន្នសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ ធ្វើកំណត់ហេតុបទល្មើសគយបញ្ជូនទៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករសុំសេចក្តីសម្រេច៕