(ព្រះសីហនុ)៖ បន្ទាប់ពីទទួលបាននូវព្រះរាជទ្រព្យដ៏ឧត្តុង្គ ឧត្តមចំនួន ១ម៉ឺនដុល្លារអាមេរិក របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់មន្រ្តីទីស្នាក់ការកណ្ដាល ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ព្រមទាំងនាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមនេះ ទៅប្រគល់ជូនក្រុមគ្រួសារសព នៅតាមស្រុកកំណើត និងអ្នករងរបួស ទាំងអស់នៅតាមមន្ទីរពេទ្យ ។
សូមបញ្ជាក់ថា ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម ចំនួន ១ម៉ឺនដុល្លារអាមេរិក នឹងត្រូវប្រគល់ជូនក្រុមគ្រួសារអ្នកស្លាប់ទាំង២៨នាក់ ក្នុងម្នាក់ៗ២៥០ដុល្លារ និងអ្នករបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ទាំង២៥នាក់ ក្នុងម្នាក់ៗ១០០ដុល្លារ ។ ដោយឡែក អ្នករងរបួស ធ្ងន់ធ្ងរ ១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ទទួលបាន ៥០០ដុល្លារ ៕