(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ មេបញ្ជាការរង និងជាតំណាងនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជារការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះផ្សព្វផ្សាយកាងារអប់រំចិត្តសាស្ត្រនយោបាយ និងសភាពការណ៍វិវត្តន៍ថ្មីៗ ឆមាសទី១ ឆ្នាំ២០១៩ ដល់កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំប្រមាណ ១១០នាក់។
ក្នុងនោះ ក៏មានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត ព្រមទាំងមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ នាយ-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទូទាំងខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ បានឡើងបង្ហាញពាក់ព័ន្ធនឹង លក្ខណៈភូមិសាស្ត្រ សភាពការណ៍ទូទៅក្នុងខេត្ត និងការងារដែលកងរាជអាវុធហត្ថខិតខំសម្រេចបាន ពិសេសទិសដៅបន្ទាប់ ដែលត្រូវអនុវត្ត សំដៅធ្វើយ៉ាងណាធានាអោយបាន នូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋទូទាំងខេត្ត ពិសេសបង្ការ និងបង្ក្រាបរាល់បទល្មើសនានា និងរាល់សកម្មភាព បង្កចលាចលនានា ធ្វើឲ្យអសន្តិសុខ នៅក្នុងមូលដ្ឋានទឹកដីខេត្តត្បូងឃ្មុំ ដែលក្រោមការចង្អុលបង្ហាញពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា។
ក្នុងវគ្គបំប៉ននោះ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ បានលើកបង្ហាញប្រាប់ទាំងយុទ្ធសាស្ត្រ វិធីសាស្ត្រ និងចិត្តសាស្ត្រ ក្នុងការអនុវត្តការងារប្រកបដោយភាពវ័យឆ្លាត ពិសេសរាល់ការចុះប្រតិបត្តិការងារ។
លោកមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានលើកបង្ហាញពាក់ព័ន្ធនឹងសភាពការថ្មីៗទាំងក្នុង និងក្រៅប្រទេស ពិសេសល្បិចកលនយោបាយអន្តរជាតិ របស់សហរដ្ឋអាមេរិក ដែលពាក់ស្រោមមុខមនុស្សធម៌ ក្រោមរូបភាពជួយសង្គ្រោះ តែញុះញុះឲ្យប្រទេសនានាឈ្លោះគ្នា ដើម្បីធ្លាក់ចូលមនោគមន៍វិជ្ជារបស់ខ្លួន ក្នុងការចរាចរនូវសភាវុធ ដែលខ្លួនផលិតយ៉ាងច្រើនលើសលុបនោះ។
លោកបញ្ជាក់ថា ទោះបីជាយ៉ាងនេះក្តី កម្ពុជាមិនបានចុះញ៉មនូវទង្វើរដល់អាក្រក់របស់អាមេរិកនោះដែរ ក្រោមការដឹកនាំដ៏ឈ្លាសវៃពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាំប្រទសចេញពីភ្នក់ភ្លើង សង្គ្រាម ធ្វើឲ្យប្រទេសមានសុខសន្តិភាព ស្ថេរភាពនយោបាយ ទោះបីបច្ចុប្បន្ននេះ កម្ពុជាទទួលរងព្យុះភ្លៀងពីប្រទេសមហាអំណាចអាមេរិចនោះក្តី ជាពិសេសក្រោមបទបញ្ជារដ៍ម៉ឺងម៉ាត់ ពីសំណាក់នាយនាយឧត្តមសេនីយ៍ សៅ សុខា ដែលកងកម្លាំងអាវុធហត្ថទូទាំងប្រទេស ត្រៀមជាស្រេចក្នុងការការពារបូរណភាពទឹកដីនៃកម្ពុជា។
លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ ក៏បានផ្តាំផ្ញើដល់កងកម្លាំងកងរាជអាវុធហត្ថទាំងអស់ទូទាំងខេត្តត្បូងឃ្មុំ បន្តសាមគ្គីគ្នា រួមគ្នា អនុវត្តន៍តាមបទបញ្ជាឲ្យបានម៉ឺងម៉ាត់ ប្រកបដោយភាពឈ្លៀសវៃ ដើម្បីធានាឲ្យបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន៕