(ភ្នំពេញ)៖ អគារមជ្ឍមណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក ដែលគ្រប់គ្រងដោយក្រុមហ៊ុន ជីប ម៉ុង រីថែល បច្ចុប្បន្នកំពុងត្រូវបានសាងសង់រួចរាល់ប្រមាណ៨០ភាគរយ ហើយគ្រោងនឹងបើកដំណើរការក្នុងត្រីមាសទី៤ ក្នុងឆ្នាំ២០១៩នេះ បើតាមការឲ្យដឹងពីលោក Michael Vong នាយកគ្រប់គ្រងមណ្ឌលផ្សារទំនើប ជីប ម៉ុង រីថែល។
ស្ថិតនៅលើផ្ទៃដីទំហំ៨៤៧០ ម៉ែត្រការ៉េ និងមានកំពស់៨ជាន់រូមទាំងជាន់ផ្ទាល់ដី អគារមជ្ឍមណ្ឌលពាណិជ្ជកម្មដ៏ប្រណិតនេះ នឹងមានផ្សារទំនើប ជីប ម៉ុង ធនាគារពាណិជ្ជកម្ម ជីប ម៉ុង អគារការិយាល័យសម្រាប់ជួល កន្លែងធ្វើការរួមគ្នា(Co-working space) ភោជនីយដ្ឋាន និងហាងកាហ្វេជាដើម។
អគារមជ្ឍមណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក ត្រូវបានរចនាឡើងយ៉ាងស៊ីវីល័យ និងផ្តល់ទីតាំងដ៏ល្អសម្រាប់ជួល ដោយអគារនេះស្ថិតនៅលើផ្លូវ១៦៩ កែងផ្លូវ១៦៤ ក្បែរវិទ្យាល័យបាក់ទូក ដែលជាតំបន់ទីប្រជុំជន និងហ៊ុព័ទ្ធដោយសាលារៀន មហាវិទ្យាល័យ អគារការិយាល័យ និងធនាគារផងដែរ។
ក្រុមហ៊ុន ជីប ម៉ុង រីថែល គឺជាអាជីវកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលវិនិយោគលើវិស័យមណ្ឌលផ្សារទំនើប ដែលសព្វថ្ងៃកំពុងមានគម្រោងមណ្ឌលផ្សារទំនើបសរុបចំនួន៥ និងអគារមជ្ឍមណ្ឌលពាណិជ្ជកម្ម១ ដែលកំពុងត្រូវបានសាងសង់។