(ភ្នំពេញ)៖ សាស្រ្តាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានស្នើដល់រដ្ឋាភិបាលបារាំង តាមរយៈឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ឱ្យបន្ដជួយដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) និងបង្កើនចំនួនអាហារូបករណ៍សម្រាប់និស្សិតនៅក្នុងសាលានេះ។
ការថ្លែងដូច្នេះរបស់ លោកសាស្រ្ដាចារ្យ បានធ្វើឡើង ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ទីតាំងផ្តល់ព័ត៌មាន Espace France» នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅទីតាំងទី១ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(ស.វ.ស) ។
លោកសាស្រ្តាចារ្យ ហេង តៃគ្រី បានថ្លែងថា «យើងសង្ឃឹមយ៉ាងមុតមាំថា ទីតាំងផ្តល់ព័ត៌មាន Espace France នេះ នឹងចូលរួមចំណែកជំរុញបន្ថែមទៀត នូវចំណូលចិត្តសិក្សាជាភាសាបារាំងរបស់និស្សិត និងបង្កើនចំនួននិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទៅបន្តការសិក្សានៅប្រទេសបារាំង និងនៅតាមបណ្តាប្រទេស ដែលប្រើប្រាស់ភាសាបារាំងផ្សេងៗកាន់តែច្រើនឡើងថែមទៀត។
ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យ ហេង តៃគ្រី ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសម្តែងនូវការកោតសរសើរ និងអំណរសាទរ ចំពោះគំនិតផ្តួចផ្តើម ក្នុងការបង្កើតឱ្យមានទីតាំងផ្តល់ព័ត៌មាននេះ នៅស.វ.ស ដែលបានផ្តល់នូវសារៈប្រយោជន៍យ៉ាងខ្លាំង ក្នុងការលើកកម្ពស់ការសិក្សារបស់និស្សិត និងការប្រើប្រាស់ភាសាបារាំង នៅស.វ.ស។
ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស បានថ្លែងថា «គោលបំណងនៃការរៀបចំទីតាំងផ្តល់ព័ត៌មាននេះ គឺសម្រាប់ផ្សព្វផ្សាយព័ត៌មានផ្សេងៗ ទាក់ទងនឹងការសិក្សាភាសាបារាំង អាហារូបករណ៍ផ្សេងៗ នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង និងអាចផ្តល់ឱកាសឲ្យនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលសិក្សាជាលក្ខណៈក្រុមតូច (Atelier) លើប្រធានបទសំខាន់ៗមួយចំនួនទៀត»។
ក្នុងឱកាសនោះ លោកសាស្ដ្រចារ្យ សាផុន វឌ្ឍនៈ ក៏បានសម្តែងនូវការគោរព និងស្វាគមន៍យ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់លោក សាស្រ្តាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំងប្អូនៗនិស្សិត ស.វ.ស ដែលបានផ្តល់កិត្តិយស អញ្ជើញចូលរូមក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ «ទីតាំងផ្តល់ព័ត៌មាន Espace France»។
សូមជម្រាបថា ទីតាំងផ្តល់ព័ត៌មាន Espace France នេះ ត្រូវបានរៀបចំឡើង នៅក្នុងបរិវេណអគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (អគារទី៣) ដែលមានផ្ទៃក្រឡា១៥.៧៦ ម៉ែត្រការ៉េ និងមានបំពាក់ដោយសម្ភារចាំបាច់ (ទូរទស្សន៍ចំនួន០១ តុពិភាក្សាសម្រាប់ក្រុមតូច ចំនួន ០១ និងបញ្ជរប្រឹក្សាផ្តល់ព័ត៌មានចំនួន ០១) ជាជំនួយឧបត្ថម្ភពីស្ថានទូតនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា៕