(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ច សិក្សាជូនដល់សិស្សានុសិស្ស ថ្នាក់ទី៧ និងថ្នាក់ទី១១ ទាំង២០សាខា សរុបចំនួន ៤,២១៩នាក់ ទៅកាន់សារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង។
លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ នៃសាលាប៊ែលធីអន្តរជាតិ បានឲ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្ដុះស្មារតីសិស្សានុសិស្ស ដែលជាយុវជនខ្មែរជំនាន់ក្រោយ ឲ្យចេះស្រឡាញ់ជាតិមាតុភូមិ ស្រឡាញ់សន្តិភាព និងចេះសាមគ្គីគ្នាជាធ្លុងមួយនៅគ្រប់កាលៈទេសៈ ជាពិសេសស្គាល់ច្បាស់ពីប្រវត្តិ សាស្ត្រដ៏ជូរចត់ ដែលបានកើតឡើងចំពោះ ប្រជាជនកម្ពុជានៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាយុគសម័យដ៏ខ្មៅងងឹត នៃការកាប់សម្លាប់ប្រជាជន បង្អត់អាហារ ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ បំផ្លាញសាសនា ហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីនៅទូទាំងប្រទេស ដែលជាហេតុធ្វើឱ្យប្រទេសជាតិស្ទើរលាយសាបសូន្យ និងស្លាប់ប្រជាជនអស់រាប់លាននាក់។
លោកបានបន្តទៀតថា កម្មវិធីទស្សនកិច្ចសិក្សា គឺជាផ្នែកមួយនៃកម្មវិធីសិក្សាបន្ថែមទី៣ ក្នុងចំណោមកម្មវិធីសិក្សាបន្ថែមធំៗទាំង៨ របស់សាលា ប៊ែលធី អន្តរជាតិក្នុងនោះរួមមាន៖
*ទី១៖ កម្មវិធីបង្កើនចំណេះដឹងទូទៅ
*ទី២៖ កម្មវិធីពង្រឹងស្មារតី
*ទី៣៖ កម្មវិធីទស្សនកិច្ចសិក្សា
*ទី៤៖ កម្មវិធីសិក្សាតាមទូរទស្សន៍
*ទី៥៖ កម្មវិធីប្រឡងសំណេរ
*ទី៦៖ កម្មវិធីប្រកួតប្រជែងគណិតវិទ្យា
*ទី៧៖ កម្មវិធីប្រកួតប្រជែងទេព្យកោសល្យ
*ទី៨៖ កម្មវិធីកីឡា។
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចសិក្សា សិស្សានុសិស្សទាំងអស់ត្រូវសរសេរ របាយការណ៍ (Writing Report) ស្តីពីអ្វីដែលខ្លួនបានឃើញ បានចាប់អារម្មណ៍ និងបានសិក្សា ដោយក្នុងនោះសិស្សថ្នាក់ចំណេះទូទៅ ត្រូវសរសេរជាភាសាខ្មែរ និងសិស្សថ្នាក់ភាសាអង់គ្លេសទូទៅ ត្រូវសរសេរជាភាសាអង់គ្លេស៕