(ភ្នំពេញ)៖ លោកស្រី គង់ សូរីតា ដែលជាសហគ្រិនស្ត្រីឆ្នើមមួយរូបរបស់កម្ពុជា បានលើកទឹកចិត្តដល់ស្ដ្រីគ្រប់រូប សូមកុំយកការឈឺចាប់របស់ខ្លួន ត្រឹមតែជាការឈឺចាប់ ត្រូវតែយកការឈឺចាប់នោះ ធ្វើជាមេរៀនដើម្បីអភិវឌ្ឍខ្លួន ក្នុងការជំរុញឆ្ពោះទៅមុខ នូវអ្វីដែលខ្លួនចង់បាន។
សារលើកទឹកចិត្តដ៏មានអត្ថន័យរបស់លោកស្រី គង់ សូរីតា បានលើកឡើងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News ខណៈដែលលោកស្រីចូលមកពន្យល់ពី «វិធីក្នុងការគ្រប់គ្រងអាជីវកម្ម ក្នុងវិស័យផ្សេងៗគ្នាឲ្យដំណើរការរលូន»។
ឆ្លើយតបនឹងសំណួរថា តើលោកស្រីធ្លាប់ទទួលបានការឈឺចាប់ដែរឬទេ ក្នុងអំឡុងលោកស្រីចាប់ផ្ដើមអាជីវកម្ម? លោកស្រី គង់ សូរីតា បាននិយាយថា «នាងខ្ញុំគិតថា នាងខ្ញុំមានការឈឺចាប់ដែរ ប៉ុន្ដែខ្ញុំអត់ចង់ឲ្យការឈឺចាប់ហ្នឹង គ្រាន់តែជាការឈឺចាប់ ខ្ញុំចង់ឲ្យការឈឺចាប់ វាគឺជាមេរៀនមួយ ហើយវា គឺជាការជំរុញមួយ ឲ្យនាងខ្ញុំអាចបានមកដល់ថ្ងៃនេះ»។
ន័យរបស់លោកស្រី គង់ សូរីតា គឺចង់ឲ្យមនុស្សគ្រប់រូប ជាពិសេសស្ដ្រី នៅពេលដែរជួបនូវរឿងឈឺចាប់ ឬក៏បរាជ័យទៅលើរឿងអ្វីមួយ សូមកុំយកការឈឺចាប់នោះ គ្រាន់តែការឈឺចាប់ ត្រូវតែយកការឈឺចាប់នោះ ចាត់ទុកជាមេរៀនមួយ ចាំទៅថ្ងៃក្រោយ និងយកការឈឺចាប់នោះ ជំរុញលើកទឹកខ្លួនឯង បន្ដធ្វើនូវអ្វីដែលខ្លួនចង់បាន និងព្យាយាមមិនឲ្យការឈឺចាប់នោះ កើតឡើងម្ដងទៀតនោះទេ។
លោកស្រី គង់ សូរីតា បានបន្ថែមទៀតថា លោកស្រីជឿជាក់ថា ស្ដ្រីកម្ពុជាគ្រប់រូប គឺអាចធ្វើបានគ្រប់យ៉ាងដូចជាបុរស ហើយស្ដ្រីគឺជាដៃគូសហការដ៏ចាំបាច់បំផុតរបស់បុរស។
ជាមួយគ្នានោះសហគ្រិនស្ត្រីឆ្នើមរូបនេះបាននិយាយថា «ការដែលមិនឲ្យតម្លៃស្ដ្រី គឺមានតែយើងខ្លួនឯងផ្ទាល់ ដែលបញ្ជាក់ប្រាប់អ្នកដទៃ ឬក៏បញ្ជាក់ប្រាប់អ្នកដែលគេមិនឲ្យតម្លៃ ដើម្បីបញ្ជាក់ថា យើងអាចធ្វើបាន»។
លោកស្រី គង់ សូរីតា បានបញ្ជាក់ថា លោកស្រីតែងតែមានពាក្យមួយប្រាប់ខ្លួនឯងថា «មានតែសកម្មភាពទេ ដែលវាអាចនិយាយលឺជាងពាក្យសម្ដី ដែលយើងប្រាប់រាល់ថ្ងៃ» ពាក្យនេះ លោកស្រី ចង់មានន័យថា គឺយើងធ្វើរហូតដល់កម្រិតមួយ ដែលគេទទួលស្គាល់យើង ដូចអ្វីដែលលោកស្រីបានខិតខំ រហូតទទួលបានជោគជ័យដូចសព្វថ្ងៃ។
សូមបញ្ជាក់ថា បច្ចុប្បន្នលោកស្រី គង់ សូរីតា កំពុងកាន់កាប់មុខជំនួញអាជីវកម្មរបស់ខ្លួន ចំនួន៤នៅក្នុងដៃ ដែលអាជីវកម្មទាំង៤នោះ គឺសុទ្ធសឹងតែនៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាលាចំនួន២ ក្រុមហ៊ុនលក់សំលៀកបំពាក់មួយ និងក្រុមហ៊ុនបច្ចេកវិទ្យាមួយទៀតផងដែរ៕