(ភ្នំពេញ)៖ ក្រោយពីបរិច្ចាកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋចាស់ជរាមានជំងឺ រស់នៅសង្កាត់ស្វាយប៉ាក និងសង្កាត់ច្រាំងចំរេះទី១ ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា ជា ពិសី រួមដំណើរដោយចៅសង្កាត់ និងសហការី បានបន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន មកចូលរួមចំណែកឧបត្ថម្ភ ជួយដោះស្រាយបញ្ហាក្នុងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋងាយរងគ្រោះមានជំងឺ ស្ថិតនៅសង្កាត់ច្រាំងចំរេះទី២ វិញម្ដងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថា តាមអនុសាសន៍ដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីរសៀលថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០១៩ ពោលគឺរយ:ពេល២ថ្ងៃជាប់គ្នា ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា ជា ពិសី រួមដំណើរដោយសហការី ក៏បានបន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន មកចូលរួមចំណែកឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងមានជំងឺ ផងដែរ ស្ថិតនៅសង្កាត់ស្វាយប៉ាក និងសង្កាត់ច្រាំងចំរេះទី២ ដើម្បីជួយដោះស្រាយមួយចំនួន ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ក្នុងនាមជាអនុប្រធានកិត្តិយសអនុសាខាខណ្ឌ លោកស្រី អាន ផល្លា ជា ពិសី បានលើកឡើងថា ចំពោះអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកា ដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំមកឧបត្ថម្ភជូននៅពេលនេះ គឺសម្រាប់ចែកជូនចំពោះ តែបងប្អូនប្រជាពលរដ្ឋក្រីក្រប៉ុណ្ណោះ ដូចជាជនគ្មានទីពឹង ជនចាស់ជរា អ្នកកើតជំងឺរ៉ាំរៃ ឫមានផ្ទុកមេរោគជាដើម ពោលគឺជាជនងាយរងគ្រោះ ដែលជាការដឹកនាំចង្អុលបង្ហាញចំគោលដៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ជាមួយការដឹកនាំចង្អុលបង្ហាញចំគោលដៅនេះ តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាសង្កាត់-ខណ្ឌ ដឹកនាំដោយលោកស្រី អាន ផល្លា ជា ពិសី ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដល់ពួកគាត់កំពុងជួបបញ្ហាខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាមជាក់ស្ដែង ទីណាដែលមានប្រជាពលរដ្ឋ ជួបនូវរាល់ហេតុការណ៍គ្រោះថ្នាក់ផ្សេងៗ ឬរាល់ហានិភ័យអ្វីមួយ ទីនោះតែងតែមានកាកបាទក្រហមកម្ពុជា ចុះជួយជួបផ្ទាល់ជានិច្ច បើទោះបីការមិនមានចំនួនច្រើនលើសលប់ ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ៕