(ភ្នំពេញ)៖ លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដែលគេតែងហៅកាត់ថា ស៊ីម៉ាក់ បានស្នើឲ្យមានវិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះការគ្រប់គ្រង និងអនុញ្ញាតិក្នុងលក់ ដឹកជញ្ជូន និងផ្ទុកហ្គាស (GAS) ព្រោះអ្នកជំនាញដែលធ្វើការជាមួយគ្រឿងផ្ទុះរូបនេះ មើលឃើញថា វាងាយនឹងបង្កគ្រោះអគ្គិភ័យ ហើយកម្លាំងផ្ទុះរបស់វាដូចទៅនឹងគ្រាប់បែកដែរ។
ការសំណូមពរយ៉ាងដូច្នេះ របស់លោក ហេង រតនា ធ្វើឡើងបន្ទាប់ពីមានករណីគ្រោះអគ្គិភ័យឃ្លាំងស្ដុកហ្គាសសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ហើយរាលដល់ផ្ទះវីឡាជាប់នោះធ្វើឲ្យខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន ខណៈដែលករណីផ្ទុះធុងហ្គាសឆេះ តែងតែកើតមានជារឿយៗផងដែរ។
លោក ហេង រតនា បានបញ្ចេញទស្សនយោបល់របស់ខ្លួនតាម Facebook ថា «ស្ថានភាពសុវត្ថិភាពនៃហាងលក់ Gas បានបង្កគ្រោះថ្នាក់យ៉ាងច្រើន ដោយបានបង្កអគ្គិភ័យ បានសម្លាប់មនុស្ស និងបំផ្លាញទ្រព្យសម្បតិ្តឯកជនផ្ទាល់ខ្លួន និងអ្នកដទៃយ៉ាងច្រើនសន្ធឹកសន្ធាប់។ សមត្ថកិច្ចជំនាញបានខិតខំជំរុញគ្រប់គ្រងខ្លាំងណាស់ដែរ ប៉ុន្តែលំបាកអនុវត្តណាស់ ដោយនៅតែឃើញមានបើក លក់ Gas នៅតាមផ្ទះល្វែង តាមទីប្រជុំជនច្រើនកុះករ សុទ្ធតែប្រឈមមុខននឹងហានិភ័យខ្ពស់ណាស់ ព្រោះកំលាំងផ្ទុះរបស់វា ដូចគ្រាប់បែកអ៊ីចឹង ដែរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ធ្ងន់ធ្ងរនេះ ចាំបាច់ត្រូវចាត់វិធានការម៉ឺងម៉ាត់ក្នុងគ្រប់គ្រង និងអនុញ្ញាតិក្នុងការលក់ ការដឹកជញ្ជូន និងផ្តុកទុក Gas ឲ្យបានល្អត្រឹមត្រូវតាមស្តង់ដារ សុវត្ថិភាព»៕