(ភ្នំពេញ)៖ ពិតជាថ្លាថ្លែងមិនចេញនូវក្តីរំភើបឥតឧបមា ដែលជនរងគ្រោះនៃឧបទ្ទវហេតុបាក់រលំអគារ៧ជាន់២នាក់ចុងក្រោយ ដែលក្រុមប្រតិបត្តិការជួយសង្រ្គោះ បានជួយសង្រ្គោះកាលពីម្សិលមិញចេញពីក្រោមគំនរអគារបែកបាក់ជាប់ជិត៣ថ្ងៃ ខណៈដែលក្រុមគ្រួសារឪពុកម្តាយនៅស្រុកកំណើត បានរៀបចំធ្វើរោងបុណ្យសពកូនទៅហើយ តែបែរជាកូននៅមានជីវិត។
ជនរងគ្រោះទាំងពីរនាក់ដែលក្រុមប្រតិបត្តិការជួយសង្រ្គោះចុងក្រោយ (ទី២៥-២៦) ទី១៖ ឈ្មោះ រស់ ស៊ីថា អាយុ៤០ឆ្នាំ មានស្រុកកំណើត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង, ទី២៖ ឈ្មោះ កាក់ គា អាយុ១៨ឆ្នាំ មានស្រុកកំណើត ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលត្រូវបានក្រុមប្រតិបត្តិការសង្គ្រោះទាញយកចេញពីគំនរបែកបាក់អគារ កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ខណៈឪពុកបានធ្វើដំណើរទៅដល់ខេត្តព្រះសីហនុហើយ ដើម្បីរង់ចាំយកសពកូនទៅធ្វើបុណ្យនៅស្រុកកំណើត ប៉ុន្តែបែរជាកូននៅមានជីវិត។
ជនរងគ្រោះទាំងពីរនាក់ចុងក្រោយនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឧបត្ថម្ភថវិកាចំនួន៣ម៉ឹនដុល្លារម្នាក់ (សរុបចំនួន៦ម៉ឺនដុល្លារ) តាមរយៈលោក សេង ទៀង ប្រគល់ជូននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ។
ជនរងគ្រោះទាំងពីរនាក់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ប្រពៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានចាត់ចែងជួយសង្រ្គោះពួកគាត់ទាំងពីរនាក់ និងជួយឧបត្ថម្ភថវិកាទៀត។ ពួកគាត់ទាំងពីរនាក់បានគោរពជូនពរសម្តេចបានប្រកបដោយសុខភាពល្អ និងអាយុយឺនយូរ។
កាលពីម្សិលមិញ ជនរងគ្រោះទាំង២នាក់ខាងលើ ក្រោយពីបានជួយសង្រ្គោះចេញពីគំនរបែកបាក់អគារភ្លាមៗ សម្តេចតេជោ ហ៊ុន សែន ដែលកំពុងមានវត្តមានដឹកនាំ បញ្ជាផ្ទាល់នៅទីនោះ បានអញ្ជើញចូលទៅក្នុងរថយន្តសង្រ្គោះបន្ទាន់ ដើម្បីសាកសួរសុខទុក្ខដោយផ្ទាល់ចំពោះជនរងគ្រោះទាំងពីរនាក់ និងបានឲ្យក្រុមគ្រូពេទ្យចាត់ចែងបញ្ចូន ទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីជួយសង្រ្គោះ។
បន្ទាប់ពីជួយសង្រ្គោះបានរួចហើយ, សម្តេចតេជោ ហ៊ុន សែន បានបន្តចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់ជនរងគ្រោះដោយសារបាក់រលំអគារទាំងអស់ នៅតាមមន្ទីរពេទ្យ ខេត្តព្រះសីហនុ៕