Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនមិនស្គាល់មុខដែលជិះរថយន្តបាញ់រះជាច្រើនគ្រាប់ចូលផ្ទះ «យីហោបោកអ៊ុតទំនើប» ក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់រតនៈ សមត្ថកិច្ចឃាត់ខ្លួនបានហើយ គឺជានគរបាល បាញ់រះព្រោះរឿងគំនុំ (Video inside)

25-06-2019 07:44

(ភ្នំពេញ)៖ នៅកណ្តាលអាធ្រាត្រ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយជនមិនស្គាល់មុខ បានជិះរថយន្តមកឈប់ និងទាញកាំភ្លើងអាការពីក្នុងរថយន្តបាញ់រះជាច្រើនគ្រាប់ចូលផ្ទះល្វែងមួយកន្លែង «យីហោបោកអ៊ុតទំនើប» ស្ថិតនៅខាងក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់រតនៈ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវរកជនបង្ក រហូតឈានដល់ការឃាត់ខ្លួនជនបង្កបាន។

លោក ហ៊ួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់បណ្តាញព័ត៍មាន Fresh News ឲ្យដឹងថា ជនបង្កដែលប្រើប្រាស់កាំភ្លើងអាកាបាញ់រះចូលផ្ទះបោកអ៊ុតមួយកន្លែង ស្ថិតនៅខាងក្រោយមន្ទីរពេទ្យ រ៉ូយ៉ាល់រតនា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅកណ្តាលអាធ្រាត្រឃាត់ខ្លួនបានហើយ គឺជាមន្ត្រីនគរបាល ហើយករណីបាញ់រះនេះ គឺកើតឡើងដោយសារគំនុំ។

តែយ៉ាងណាសមត្ថកិច្ចមិនបានបញ្ជាក់ឲ្យបានច្បាស់ថា ជាគំនុំអ្វីនោះទេ ទើបនគរបាលរូបនោះហ៊ានទាញកាំភ្លើងអាកា បាញ់រះយ៉ាងអនាធិបតេយ្យបែបនេះ។

លោកអធិការខណ្ឌបានបញ្ជាក់ថា ជនបង្កឈ្មោះ ហេង សុវណ្ណារ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ ជាមន្ត្រីនគរបាល ស្នាក់នៅផ្ទះលេខ៤៨ស្ទួន ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ឈ្មោះ សុង សូណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបោកអ៊ុតខោអាវ ស្នាក់នៅផ្ទះជួលលេខ១០ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកអធិការបានបញ្ជាក់ទៀតថា កាលពីមុនជនបង្ក និងជនរងគ្រោះធ្លាប់មានរឿងទំនាស់ជាមួយគ្នា។ លុះដល់ពេលកើតហេតុជនបង្ក ដែលមានស្ថាននៅភាពស្រវឹង បានបើករថយន្តមួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-9509 មកដល់មុខផ្ទះអតីតភាគីទំនាស់ បានយកកាំភ្លើងអាកាពីក្នុងឡាន ធ្វើការបាញ់រះសំដៅចូលក្នុងផ្ទះតែម្តង តែសំណាងល្អអ្នកដែលនៅក្នុងផ្ទះមិនមានរងរបួសបួសនោះទេ ព្រោះគ្រាប់បានហោះទៅទម្លុះតែទ្វា និងពិដានតែប៉ុណ្ណោះ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕