(បាងកក, ប្រទេសថៃ)៖ កាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាភ្ញៀវពិសេសក្នុងពិធីលៀងសាយភោជន៍នៃវេទិកា «ភាពជាអ្នកដឹកនាំ និងភាពជាដៃគូរបស់សហគមន៍អាស៊ាន» ដែលមានការចូលរួមពីសំណាក់ឥស្សរជន ធុរជន បញ្ញវន្ត និងសារព័ត៌មានជាច្រើន។

នៅក្នុងវេទិកានេះផងដែរ លោករដ្ឋមន្ត្រី ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានឡើងប្រគល់ពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» ជូនលោក Thongloun Sisoulith នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ និង លោក Anand Panyarachun អតីតនាយករដ្ឋមន្ត្រីថៃ ចំពោះការលះបង់ និងការរួមចំណែករបស់លោកទាំងពីរក្នុងការចូលរួមអភិវឌ្ឍអាស៊ាន។

គួររម្លឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់ទទួលបានពានរង្វាន់«សមិទ្ធផលអាស៊ានមួយជីវិត» ចំពោះគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុងឧត្តម និងការដឹកនាំប្រកបដោយគតិបណ្ឌិត ដែលធ្វើឲ្យកម្ពុជារីកចម្រើនលើគ្រប់វិស័យ និងការចូលរួមចំណែកមិនអាចកាត់ថ្លៃបាន
ក្នុងកសាងសមិទ្ធផលនានាក្នុងអាស៊ាន៕