(ភ្នំពេញ)៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អហ្វ ខមផេនី របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន ហុងហួត គ្រុប លីមីតធីត នាល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានចាប់ផ្តើមបើកលក់ គម្រោងខុនដូ រ៉ូយ៉ាល់ ផ្លាទីនឹម ដែលជាអាគារចម្រុះ មានលំនៅដ្ឋាន និងផ្ទះសម្រាប់ប្រកបអាជីវកម្ម នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក Ryan Ong Jia Ming តំណាងក្រុមហ៊ុន Royal Hong Lai Huat One Company Limited បានឲ្យដឹងថា ជាមួយនឹងក្រុមហ៊ុនស្ថាបត្យកម្ម មកពីប្រទេសសិង្ហបុរី Swan & Maclaren បានរចនានូវរូបរាងអាគារនេះ ដែលអាចឲ្យម្ចាស់លំនៅដ្ឋានទាំងអស់ មើលទេសភាពទាំង៨ទិស។ ការអភិវឌ្ឍនេះ ត្រូវបានកំណត់ជាអគារលេចធ្លោដ៏សំខាន់ ក្នុងខណ្ឌទួលគោក។
តំណាងក្រុមហ៊ុន Royal Hong Lai Huat One Company Limited រូបនេះ បានបញ្ជាក់ថា ក្នុងគម្រោងនេះ មានលំនៅដ្ឋានចំនួន៨៥១បន្ទប់ និង៥០ផ្ទះអាជីវកម្ម ដែលផ្តល់ជូននូវឱកាសសម្រាប់អាជីវកម្ម និងលំនៅដ្ឋាន នៅក្នុងតំបន់។ លំនៅដ្ឋានប្រហែល៧០ភាគរយ មានខ្នាតតូចល្មមសម្រាប់គ្រួសារថ្មោងថ្មី។
ជាមួយគ្នានោះ លោក Ryan Ong Jia Ming បានលើកឡើងថា ការអភិវឌ្ឍនេះ មានគោលបំណងជួយជំរុញលទ្ធភាព ទិញលំនៅដ្ឋានក្នុងតម្លៃសមរម្យ ដើម្បីកសាងក្តីសុបិន្ត និងតម្រូវការរបស់អតិថិជនទាំងអស់ និងបង្កើតឱកាសការងារ ក៏ដូចជាទាក់ទាញការវិនិយោគបន្ថែមទៀត សម្រាប់ទីក្រុងកំពុងរីកចំរើនមួយនេះ។
លោកថា រ៉ូយ៉ាល ផ្លាទីនឹម បានដាក់បញ្ចូលនូវការរចនាបទខ្នាតធំៗជាច្រើន ដែលមានចាប់ពី២ ទៅ៣បន្ទប់គេង និងបន្ទប់ប្រណីត៣ និង៤បន្ទប់គេង ដែលមានលក្ខណៈពិសេសរបស់ខ្លួន ដើម្បីបំពេញតម្រូវការ របស់លោកអ្នក។ ក្នុងនោះ ក៏មានការផ្តល់នូវចំណតរថយន្ត២ជាន់ និងមានប្រព័ន្ធសុវត្ថិភាព៣ជាន់ថ្នាក់ ដែលមានសន្តិសុខ២៤ម៉ោង ដើម្បីធានាសុវត្ថិភាព ដល់អ្នកទេសចរ និងអ្នកស្នាក់នៅផងដែរ។
គម្រោងនេះ នឹងផ្តល់ជូនលោកអ្នកជាលើកដំបូងនៃហេដ្ឋារចនាសម្ព័ន្ឋនៃជាន់ទាំងមូល ដែលមានក្លឹបហាត់ប្រាណផ្ដាច់មុខលក្ខណៈពិសេសដូចជាអាងហែលទឹក កន្លែងបោះបាល់ ភោជនីយដ្ឋាន ផ្ទឹមនិងសូណា សួនច្បារ កន្លែងក្មេងលេង និងកន្លែងហាត់ប្រាណដទៃទៀត។ នេះជាការបញ្ជាក់បន្ថែម របស់លោក Ryan។
សូមបញ្ជាក់ថា ក្នុងគម្រោងនេះ ក៏មានហាងលក់ទំនិញ ដែលស្ថិតលើផ្លូវក្នុងបុរី នឹងមានភាពទាក់ទាញដល់អាជីវករ និងជាកន្លែងដែលផ្តល់សេវា បទពិសោធន៍ធ្វើពាណិជ្ជកម្ម លើយីហោអន្តរជាតិល្បីៗ ក៏ដូចជាបំពាក់នូវទំនិញថ្មីចម្រុះ ជាច្រើនប្រភេទរួមមាន៖ ភោជនីយដ្ឋាន សំលៀកបំពាក់ ជាដើម -ល-៕