(សៀមរាប)៖ សំណង់ស្ពានឈើខ្វាត់ខ្វែងនៅក្នុងប្រាសាទបេងមាលាប្រវែង ២១៥ម៉ែត្រ (រាប់ទាំងជណ្តើរ) ដែលសង់ថ្មីជំនួសស្ពានឈើចាស់ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុន ខាំ សុម៉េត បានបញ្ចប់គម្រោងជាស្ថាពរហើយ ដោយបានបង្កើតនូវភាពទាក់ទាញជាខ្លាំងដល់ទេសចរ ក្នុងការផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលនៃប្រាសាទ និងផ្តល់ភាពងាយស្រួលក្នុងការទស្សនាសំណង់ស្ថាបត្យកម្មខ្មែរដ៏ធំមួយនេះ។
គម្រោងនេះត្រូវបានបញ្ចប់កាលពីខែឧសភា ឆ្នាំ២០១៩ កន្លងមកនេះ។
លោក ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានឱ្យដឹងថា ភាពទាក់ទាញនៃប្រាសាទបេងមាលា គឺសំណង់ស្ថាបត្យកម្មដ៏មហិមារំលេចទៅដោយក្បូរក្បាច់រចនាសម្បូរបែប រួមផ្សំនឹងភាពសុខដុមរមនារវាងប្រាសាទ និងធម្មជាតិដែលរក្សានូវភាពដើមរបស់ប្រាសាទ រួមនឹងវត្តមានស្ពានឈើដ៏វែងជួយសម្រួលដល់ការទស្សនារបស់ភ្ញៀវ។
កត្តាទាំងនេះហើយដែលបានទាក់ទាញភ្ញៀវទេសចរក្នុងរដូវភ្ញៀវ ចាប់ពី១៥,០០០នាក់ ទៅ ៤០,០០០នាក់។
ចំណែកប្រវត្តិនៃស្ពានឈើនេះវិញ គឺបានសង់ឡើងនៅឆ្នាំ២០០២ ដោយក្រុមហ៊ុនភាពយន្តអន្តរជាតិមួយ ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា ក្នុងការថតរឿងនៅក្នុងប្រាសាទបេងមាលា ដើម្បីងាយស្រួលជញ្ជូនឧបករណ៍ថតកុនដែលមានទម្ងន់ធ្ងន់ៗ។ ក្រោយបញ្ចប់ការថត អាជ្ញាធរជាតិអប្សរាបានថែរក្សា និងជួសជុលស្ពាននេះបន្តបន្ទាប់រហូតដល់សព្វថ្ងៃ ដើម្បីឱ្យភ្ញៀវទេសចរងាយស្រួលក្នុងការទស្សនាប្រាសាទ។
លោក រដ្ឋា បានបន្តថា ស្ពានឈើក្នុងប្រាសាទបេងមាលាមានប្រវែងសរុប ២៩៥ម៉ែត្រ ធ្លាប់ធ្វើការជួសជុលបីលើករួចមកហើយ គឺនៅឆ្នាំ២០០៥ ឆ្នាំ២០០៨ និងឆ្នាំ២០១៥។
ថ្មីៗនេះ ដោយសារស្ពានចាស់មានសភាពទ្រុឌទ្រោម ដោយកត្តាអាយុកាល គុណភាពឈើ អាកាសធាតុ ធ្វើឱ្យស្ពានពុកផុយអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវ ពិសេសស្ពានមានទំហំតូច ចង្អៀតមិនសមនឹងកំណើនទេសចរ ទើបអាជ្ញាធរជាតិអប្សរាដោយសហការជាមួយក្រុមហ៊ុន ខាំ សុម៉េត បានសម្រេចរុះរើ និងសាងសង់ថ្មីប្រវែង ២១៥ម៉ែត្រ លើប្រវែងសរុប និងគ្រោងចំណាយពេលបីខែក្នុងការសាងសង់ តែដោយសារការផ្គត់ផ្គង់ឈើមានការយឺតយ៉ាវ ទើបពន្យាពេលរហូតដល់ដល់៧ខែ (តុលា ២០១៨ ដល់ ឧសភា ២០១៩) ទើបបញ្ចប់។
ស្ពាននេះចំណាយឈើអស់ ៨៣ម៉ែត្រគូប ដែលធ្វើពីឈើគគីរ ផ្ចឹក និងរាំង មានការរចនាស្អាត រឹងមាំអាចធន់បានរហូតដល់ជាង១០ឆ្នាំ ថែមទាំងបានពង្រីកទំហំពី ៨០សង់ទីម៉ែត្រ ទៅ ១.៥០ម៉ែត្រ ដើម្បីទេសចរងាយស្រួលដើរទស្សនាទៅវិញទៅមក។
ចំពោះបច្ចេកទេសនៃការធ្វើស្ពានឈើថ្មីជំនួសស្ពានចាស់វិញ លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរឱ្យដឹងថា ក្រុមការងារបានគណនាយ៉ាងល្អិតល្អន់ពីកម្រាស់ និងទំហំឈើ ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវ ពង្រឹងរចនាសម្ពន្ធស្ពាន ដោយរៀបចំគ្រឿងបង្គំសំណង់ទៅតាមបទដ្ឋានបច្ចេកទេស។
ចំណែកការភ្ជាប់ឈើ គឺប្រើប៊ូឡុងសម្រាប់មួលភ្ជាប់ដែលធានាគុណភាពជាប់ជាងដែកគោល ពិសេសងាយស្រួលក្នុងការជួសជុលពេលក្រោយ។ ក្នុងនោះដែរ ដើម្បីការពារសំណង់ស្ពានឱ្យនៅបានយូរ ក្រុមការងារក៏បានប្រើថ្នាំការពារសត្វល្អិតចង្រៃលាបសាច់ឈើផងដែរ។
មន្ត្រីបច្ចេកទេសរូបនេះបន្តទៀតថា ក្រៅពីសោភ័ណភាពប្រាសាទ និងសុវត្ថិភាពនៃភ្ញៀវទេសចរ អ្នកជំនាញក៏បានគិតគូរខ្ពស់ដល់ការអភិរក្សប្រាសាទផងដែរ គឺធ្វើទៅតាមគំរូប្លង់ និងបទដ្ឋានបច្ចេកទេសដែលសិក្សារួចមកហើយ។
បើកន្លែងណាប៉ះថ្ម គឺត្រូវរំកិលថ្មចេញដោយមានការសម្រង់ប្លង់មុននឺងប្តូរទីតាំង តែបើមិនអាចកំរិលថ្មចេញបាន គឺប្រើសំបកកង់ឡាន កង់ម៉ូតូទ្រាប់កុំឱ្យឈើសង្កត់លើថ្មផ្ទាល់ ហើយជំនួសឱ្យការជីកដីទៅក្រោមដើម្បីរក្សាលំនឹងស្ពាន អ្នកជំនាញបានប្រើជើងតាងបេតុងដើម្បីបណ្តុះសរសរនិងទ្រលំនឹងស្ពាន។ កិច្ចការទាំងនេះ គឺរក្សាបានទាំងសោភ័ណភាព គុណភាពសំណង់ និងការអភិរក្សបុរាណដ្ឋានប្រកបដោយចីរភាព៕