(សៀមរាប)៖ អង្គការសិល្បៈសហសម័យជប៉ុន បានលើកឡើងនូវគោលបំណងនៃការបង្កើតគម្រោង «ពិព័រណ៍សិល្បៈសហសម័យទាក់ទងនឹងអរិយធម៌ខ្មែរ» ដើម្បីផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរដ៏ផូរផង់របស់កម្ពុជា ឱ្យបានទូលំទូលាយទៅកាន់ពិភពលោកថែមទៀត។
គោលបំណងនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ជាមួយលោក Atsushi Yazaki ប្រធានអង្គការសិល្បៈសហសម័យជប៉ុន នាព្រឹកថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប។
ក្នុងឱកាសជំនួបនោះ ភាគីជប៉ុនបានលើកឡើងនូវគោលបំណង នៃការបង្កើតគម្រោងពិព័រណ៍សិល្បៈសហសម័យទាក់ទងនឹងអរិយធម៌ខ្មែរ ដើម្បីផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរដ៏ផូរផង់ឱ្យបានទូលំទូលាយទៅកាន់ពិភពលោកថែមទៀត ជាពិសេសតំបន់អង្គរដែលជាប្រភពដ៏រុងរឿងនៃអរិយធម៌ខ្មែរ តាមរយៈការបង្កើតវត្ថុសិល្បៈសហសម័យ ដាក់តាំងនៅតាមរមណីយដ្ឋានអង្គរ ទៅតាមរដូវកាលនានា ដែលមិនមែនជាលក្ខណៈពិព័រណ៍អចិន្រ្តៃយ៍។
ឆ្លើយតបនឹងបំណងខាងលើ លោក ហង់ ពៅ បានបង្ហាញការគាំទ្រចំពោះគំនិតដ៏ល្អប្រសើរ ព្រោះគម្រោងនេះជាការបង្កើតគំនិតថ្មី ដោយមានការច្របាច់បញ្ចូលគ្នារវាងវប្បធម៌និងសិល្បៈ។
ទោះជាយ៉ាងណា លោកបានស្នើដល់ភាគីជប៉ុនឱ្យសិក្សាលម្អិតលើគម្រោងនេះបន្ថែមទៀត ជាពិសេសពាក់ព័ន្ធនឹងការជ្រើសរើសទីតាំង ដោយមិនសំដៅតែប្រាសាទអង្គរវត្ត និងពិនិត្យលើទីតាំងផ្សេងៗទៀត។
លោកអគ្គនាយកក៏នឹងអញ្ចើញភាគីជប៉ុនឱ្យមកធ្វើបទបង្ហាញ អំពីគម្រោងនេះក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ នៅកំលុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខផងដែរ៕