(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ទោះបីជាប្រតិបត្តិការរុករកជនរងគ្រោះ ដោយករណីរលំបាក់អគារ៧ជាន់នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ ប៉ុន្តែការស្រាវជ្រាវ ដើម្បីរកឱ្យឃើញនូវអ្នកទទួលខុសត្រូវករណីនេះ នៅមិនទាន់បិទបញ្ចប់នោះទេ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសន្និសីទសារព័ត៌មាន នាយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្រោយបិទបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះ ដែលស្លាប់ និងរបួស ក្នុងហេតុការណ៍រលំបាក់អគារ នៅខេត្តព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យ៉ាងណាក៏ដោយ មកដល់ម៉ោងនេះ យើងបានបញ្ចប់ យើងនៅសល់តែការសម្អាតការដ្ឋានប៉ុណ្ណោះ ហើយយើងសម្អាតការដ្ឋានមែន ប៉ុន្តែយើងមិនទាន់បញ្ចប់នូវការស្រាវជ្រាវ ដើម្បីរកឱ្យឃើញនូវការទទួលខុសត្រូវនោះទេ»

សម្តេចបានបញ្ជាក់បន្តថា «សំណង់មានច្បាប់ ឬអត់ច្បាប់ ហើយវានៅក្នុងក្របខណ្ឌបែបណា បានវាកើតមានរឿងបែបនេះ»

សូមបញ្ជាក់ថា ក្រោយករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ទេរអភិបាលខេត្តព្រះសីហនុ មកកាន់ការងារនៅក្រសួងមហាផ្ទៃ ដើម្បីទទួលភារកិច្ចថ្មី ហើយផ្ទេរលោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុផងដែរ។

មិនតែប៉ុណ្ណោះ សមត្ថកិច្ចខេត្តព្រះសីហនុ ក៏បានសម្រេចឃាត់ខ្លួនមនុស្ស៤នាក់យកទៅសួរនាំ ក្នុងនោះមានម្នាក់ជាថៅកែម៉ៅការសំណង់ និង៣នាក់ទៀតជាអ្នកពាក់ព័ន្ធផងដែរ៕