(ភ្នំពេញ)៖ ប្រតិបត្តិការរុករកជនរងគ្រោះ ក្នុងករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ហើយ នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ។
នៅមុនបិទបញ្ចប់ប្រតិបត្តិការរុករកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានចុះពិនិត្យផ្ទាល់នៅកន្លែងកើតទាំងថ្ងៃទាំងយប់រយៈពេល២ថ្ងៃនេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានសាកសួរអំពីករណីរលំបាក់អគារនេះ។
ក្នុងសន្និសីទសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការនូវការសោកស្តាយ ចំពោះករណីរំលំបាក់អគារដ៏ធំនេះ ហើយសម្តេចក៏បានបង្ហាញអំពីវិធានការ ទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល រហូតដល់មានការផ្ទេរអភិបាលខេត្តព្រះសីហនុផងដែរ។
សម្តេចក៏បានថ្លែងអំណរគុណដល់មន្រ្តីរាជរដ្ឋាភិបាល អាជ្ញាធរ សមត្ថកិច្ច ក្រុមអ្នករុករកជនរងគ្រោះ រួមទាំងអ្នកពាក់ព័ន្ធនានា ដែលបានជួយក្នុងប្រតិបត្តិការរុករក និងជួយជនរងគ្រោះ រយៈពេល២ថ្ងៃកន្លះមកនេះ។
សូមបញ្ជាក់ថា ករណីរលំបាក់អគារកម្ពស់៧ជា នៅខេត្តព្រះសីហនុ បានកើតឡើង កាលពីទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ រហូតដល់ពេលនេះ ចំនួនអ្នកស្លាប់ ដែលត្រូវបានកាយឃើញបានកើនដល់២៨នាក់ និងអ្នករបួស២៦នាក់ ក្នុងករណីរលំបាក់អគារខាងលើនេះ។
បើតាមក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តព្រះសីហនុ គឺសំណង់អគារនេះ មិនមានច្បាប់អនុញ្ញាតនោះទេ ហើយក៏ធ្លាប់ត្រូវបានហាមឃាត់មិនឱ្យ សាងសង់ចំនួន២ដងរួចទៅហើយ៕