(សៀមរាប)៖ ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានសហការជាមួយក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា សហភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា រៀបចំព្រឹត្តិការណ៍យោគៈអន្តរជាតិលើកទី៥ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្នុងនោះមានភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមប្រមាណជាង ១ពាន់នាក់។
ព្រឹត្តិការណ៍នេះរៀបចំឡើងនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នំា២០១៩ ក្រោមវត្តមានលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកស្រី ម៉ូនីកា ជេន ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។
លោក ប៉ាក់ សុខុម បានលើកឡើងថា ព្រឹត្តិការនេះមិនត្រឹមជាការផ្សព្វផ្សាយអំពីលំហាត់ប្រាណ តាមបែបសម្មាធិដ៏ពេញនិយមរបស់ឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់កម្ពុជា ទៅកាន់ពិភពលោកផងដែរ។
លោក ប៉ាក់ សុខុម បានលើកឡើងថា រយៈពេល៥ឆ្នាំកន្លងមកហើយ ព្រឹត្តិការណ៍យោគៈអន្តរជាតិបានធ្វើនៅកម្ពុជាជារៀងរាល់ឆ្នំា ដើម្បីជាព្រឹត្តិការណ៍មួយសម្រាប់ទាក់ទាញ់អ្នកទេសចរ ពីព្រោះភ្ញៀវទេសចរគេបានមកធ្វើលំហាត់ប្រាណ ហើយបានមើលអង្គរផងដែរ។
តាមរយៈព្រឹត្តការណ៍ដ៏សំខាន់នេះ នឹងធ្វើឱ្យមានកំណើនភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត ហើយកម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង ៦.៦លាននាក់ ក្នុងឆ្នាំ២០១៩នេះ ដោយនៅឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៦.២លាននាក់។ នៅឆ្នាំ២០២០ កម្ពុជារំពឹងទុកថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៧លាននាក់។
លោកស្រី Manika Jain បានឱ្យដឹងថា សម្រាប់ព្រឹត្តិការណ៍យោគៈអន្តរជាតិនៅកម្ពុជាលើកទី៥នេះ បានធ្វើឡើងចំនួន ៤កន្លែង ក្នុងនោះនៅមុខប្រាសាទអង្គរវត្ត នៅខេត្តព្រះសីហនុ នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង។ សូមជម្រាបថា ព្រឹត្តិការណ៍យោគៈអន្តរជាតិលើកទី៥ នៅមុខប្រាសាទអង្គរវត្តនេះ មានអ្នកចូលរួមប្រមាណជាង ១ពាន់នាក់៕