(ត្បូងឃ្មុំ)៖ លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បាននាំអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មំ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ក្រីក្រលំបាកចំនួន២៩គ្រួសារ នៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះលោក ជាម ច័ន្ទសោភ័ណ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងបាននាំយកអំណោយសម្រាលការលំបាកសម្រាប់ ចែកជូនប្រជាពលរដ្ឋទាំងអស់។
ជាមួយគ្នានោះដែរ លោក ជាម ច័ន្ទសោភ័ណ បានថ្លែងលើកទឹកចិត្តបងប្អូនទាំងអស់ បង្កើនក្តីសង្ឃឹម ព្រោះថាបងប្អូនមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេ តែងតែបារម្ភយកចិត្តទុកដាក់គ្រប់ពេលវេលា ចំពោះបងប្អូន ផ្តល់ភាពកក់ក្តៅ ជូនពលរដ្ឋគ្រប់ៗរូប ដោយមិនរើសអើងពូជសាសន៍ សាសនា រឺនិន្នាការនយោបាយអ្វីនោះឡើយ។
លោក បញ្ជាក់ថា បន្ទាប់ពីទទួលអំណោយ សូមបងប្អូនខិតខំប្រកបរបររកស៊ី និងបង្កើនការដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីធ្វើឱ្យកម្រិតជីវភាព បានល្អប្រសើរឡើងវិញ។
លោកក៏សម្តែងនូវការចូលរួមសោកស្តាយ និងរំលែកទុក្ខ នូវឧបទ្ទវហេតុ បាក់រលំអគារកម្ពស់ប្រាំពីរជាន់ ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ដោយបានបង្កឲ្យមានការបាត់បង់អាយុជីវិត និងរងរបួសដល់បងប្អូនប្រជាពលរដ្ឋខ្មែរ កម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅការដ្ឋាននោះ។ ទន្ទឹមនេះ នៅខេត្តត្បូងឃ្មុំ ក៏មានជនរងគ្រោះដោយសារការបាក់រលំអគារនៅខេត្តព្រះសីហនុ ចំនួន០៣នាក់ ក្នុងនោះស្លាប់ម្នាក់ និងរងរបួសធ្ងន់២ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។
លោក ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ថែទាំសុខភាព ជាពិសេសស្ត្រី កុមារ ទារក និងមនុស្សវ័យចាស់ ត្រូវពិសាទឹកឆ្អិន និងសម្រាន្តក្នុងមុង ជានិច្ចដើម្បីជៀសវាងជំងឺគ្រុនឈាម ដែលកំពុងរាលដាលលើមនុស្សគ្រប់វ័យ។
បើតាមលោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ឱ្យដឹងថា ចំពោះអំណោយដែលចែកជូនទាំង២៩គ្រួសារ មកពីភូមិចំនួន៤ គឺភូមិខ្លោង វាលខ្នាច ត្របុស្ស និងភូមិខ្នារ ក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ធ១កេស, ប្រេងឆា ១ដប និងថវិការ៥ម៉ឺនរៀល៕