(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ត្រីរាជការ ព្រមទាំងមន្ត្រីរាជការទាំងអស់ បានផ្ញើសាររំលែកទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់ ៧ជាន់ សង្កត់លើស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅក្នុងសារលិខិតចូលរួមរំលែកទុក្ខ ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញនូវក្តីរន្ធត់ ក្តុកក្តួល រំជួលចិត្តឥតឧបមា ចំពោះដំណឹង សោកនំាដកម្មរលំបាក់អគារកំពស់ប្រាំពីរជាន់ នៅព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ដោយបានបង្កឱ្យមានការបាត់បង់អាយុជីវិត និងរងរបួសដល់បងប្អូនជនរួមជាតិជាកម្មករ-កម្មការិនី ដែលបម្រើការងារនៅការដ្ឋាន។

ក្នុងសារលិខិតចូលរួមរំលែកទុក្ខ, យើងខ្ញុំ សូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ប្រកបដោយសេចក្តីសង្វេគជាពន់ពេក ជាមួយក្រុមគ្រួសារ និងញាតិមិត្ត ដែលបានបាត់បង់ សមាជិកគ្រួសារ របស់ខ្លួននៅក្នុងហេតុការណ៍ ដ៏សោកសៅនេះ និងសូមគាំទ្រយ៉ាងពេញទំហឹង នូវចំណាត់ការផ្លូវច្បាប់ ចំពោះបុគ្គលពាក់ព័ន្ធដែល បង្កឱ្យមានសោកនាដកម្មកើតឡើង ព្រមទាំងសម្តែងនូវក្តីរំភើបចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្តេច តែងតែយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះ សុខទុក្ខរបស់ជនរួមជាតិកម្ពុជា និងបានអញ្ជើញចុះទៅពិនិត្យផ្ទាល់ដល់ការដ្ឋានកើតហេតុ ដើម្បីជំរុញកិច្ចការជួយសង្គ្រោះឱ្យបានឆាប់រហ័សបំផុត។

ជាថ្មីម្តងទៀត យើងខ្ញុំ សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធបងប្អូនជនរងគ្រោះបាត់បង់ជីវិត បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងសូមជូនពរដល៍បងប្អូនជាជនរងគ្រោះដែល កំពុងសម្រាកព្យាបាលរបួស សូមបានឆាប់ជាសះស្បើយ ដើម្បីវិលមកប្រឹកបការងារជាប្រក្រតីឡើងវិញ៕