(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន មានរៀបចំពីធីប្រគល់-ទទួលសម្ភារជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់វិស័យសកម្មភាពមីន ក្រោមអធិបតីភាពទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង វិនធាន (WANG Wentan) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។
ពិធីចុះហត្ថលេខាប្រគល់-ទទួលសម្ភារបានធ្វើឡើងរវាងលោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន និងលោក ម៉ា ស៊ាងគន់ (MA Shengkun) អគ្គនាយករងក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។
សម្ភារដែលត្រូវប្រគល់-ទទួលរួមមាន៖ រថយន្តម៉ាក JINBEI Minibus ០៤គ្រឿង, ម៉ូតូ១០គ្រឿង, ម៉ាស៊ីនរាវមីន ៤០គ្រឿង, ប្រអប់សម្ភារ ១១០ឈុត, សម្លៀកបំពាក់ការពារ ៤០កំផ្លេ, មួកការពារ ៤០មួក, ម៉ាស៊ីនព្រូន (UAV) ០៥គ្រឿង, ម៉ាស៊ីនបំផ្ទះ (Exploding Initiator) ១១៥គ្រឿង, ឯកសណ្ឋានស្បែកជើង ខ្សែក្រវាត់ មួក ១.០០០កំប្លេ និងទឹកថ្នាំម៉ាស៊ីនព្រីន៦៩ប្រអប់។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន បានថ្លែងអំណរគុណ ជូនចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា ដោយបានផ្តល់នូវជំនួយជាថវិកា សម្ភារ និងជំនាញបច្ចេកទេស។
ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៥ សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយលើវិស័យសកម្មភាព មីនតាមរយៈអាជ្ញាធរមីន រួមមានការផ្តល់វគ្គបណ្តុះបណ្តាលលើការបោសសម្អាតមីន ផ្តល់ជាថវិកាសម្រាប់ជួស ជុលអគារមជ្ឈមណ្ឌលសកម្មភាពមីនសម្រាប់តំបន់អាស៊ាន (ARMAC) ផ្តល់រថយន្ត ម៉ូតូ កុំព្យូទ័រ ម៉ាស៊ីនរាវមីន អាវក្រោះ មួកការពារ តង់ យន្តហោះបញ្ហា(វ៉ែន) រទេះសម្រាប់ជនពិការ និងឯកសណ្ឋាន។
រហូតមកទល់ពេលនេះ សិក្ខាកាមចំនួន១១០នាក់ មកពីអាជ្ញាធរមីន និងកងយោធពលខេមរភូមិន្ទ (RCAF/NPMEC) បានចូលរួមវគ្គបណ្តុះបណ្តាលជំនាញស្តីពី ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ពីសាកលវិទ្យាល័យបច្ចេកទេស និងវិទ្យាសាស្ត្រកងទ័ពរំដោះប្រជាជនចិន នៅទីក្រុងណានជីន។
ព្រមជាមួយគ្នានេះលោក វ៉ាង វិនធាន បានមានប្រសាសន៍ថា ប្រទេសចិន និងកម្ពុជាជាមិត្តល្អនឹងគ្នា ជាបងប្អូនយល់ចិត្តគ្នាប្រៀបដូចដៃ និងជើង។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាព ដែលបានបង្កើត និងផ្សារភ្ជាប់ដោយថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសទាំងពីរ ត្រូវបានអភិវឌ្ឍទៅមុខឥតឈប់ឈរ ខ្លឹមសារទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រត្រូវបានបង្កើតឡើងជាបន្តបន្ទាប់។
លោកថា «ប្រទេសចិននឹងបន្តរឹតចំណងមិត្តភាពឱ្យកាន់តែរឹងមាំ និងបន្តផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ក្នុងនោះរាប់បញ្ចូលទាំងការ ចែករំលែកបទពិសោធន៍បច្ចេកទេស ការគាំទ្រលើការកសាងសមត្ថភាព ការផ្ដល់ជាសម្ភារជំនួយការស្វែងរកមធ្យោបាយ និងវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាព ដើម្បីជួយដល់ប្រទេសកម្ពុជា ឱ្យរួចផុតពីការគម្រាមដោយសារគ្រាប់មីន ស្ថាបនាទីជម្រកថ្មីប្រកបដោយសុវត្ថិភាព និងវិបុលភាព»។
គួរបញ្ជាក់ផងដែរថា កម្ពុជានៅមានផ្ទៃដីរងនូវការគម្រាមប្រមាណ ២.១៤៨ គម២ ក្នុងនោះផ្ទៃដីដែល មានមីនថ្មើរជើង ៩១៩ គម២ ផ្ទៃដីដែលមានគ្រាប់បែកចង្កោម ៧៣២ គម២ និងផ្ទៃដីដែលមានសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងទៀត ៤៩៧ គម២ ដោយត្រូវការថវិកាសម្រាប់បោសសម្អាតប្រមាណ ៣៥៤លានដុល្លារអាមេរិក។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពកំណត់យកឆ្នាំ២០២៥ ជាឆ្នាំដែលកម្ពុជាអស់ការគម្រាមដោយសារមីន៕