(ព្រៃវែង)៖ ក្រុមការងារស្រុកបាភ្នំ បានកោះប្រជុំជាបន្ទាន់ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីរៀបចំកំលាំងចុះដោយផ្ទាល់ ទៅចូលរួមរំលែកទុក្ខ និងជួយគ្រួសារសពដែលរងគ្រោះដោយការបាក់រលំអគារសំណង់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ។
មកដល់ពេលនេះ ក្នុងចំណោមអ្នកស្លាប់ដោយគ្រោះថ្នាក់បណ្តាល មកពីការបាក់រលំអគារសំណង់ នៅខេត្តព្រះសីហនុ គឺមានបងប្អូនចំណាកស្រុក ពីមូលដ្ឋានក្នុងស្រុកបាភ្នំ ពិសេសក្នុងឃុំឈើកាច់ និងឃុំជើងភ្នំចំនួន០៥នាក់ (នៅបាត់ខ្លួន០១នាក់ទៀត គឺឈ្មោះ ឆុន ធាន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិត្រពាំងសាលា ឃុំឈើកាច់) ដោយក្នុងនោះសពដែលត្រូវបានបញ្ជូនមកដល់ក្រុមគ្រួសារសាច់ញាតិវិញមានចំនួន៤នាក់គឺ៖ ១៖ ស៊ឹម មន ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិត្រពាំងសាលា ឃុំឈើកាច់ ២៖ ឃុត ចាន់ដេវីត ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិមាត់ព្រៃ ឃុំជើងភ្នំ, ៣៖ ឆេង ចន្ថា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិត្រពាំងសាលា ឃុំឈើកាច់, ៤៖ ភួន ផាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងសាលា ឃុំឈើកាច់។ ចំពោះសព សយ ម៉ៅ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិត្រពាំងសាលា ឃុំឈើកាច់ នឹងត្រូវបញ្ជូនមកដល់ក្រុមញាតិគ្រួសារវិញ នៅក្នុងអំឡុងអាធ្រាត្រយប់នេះ។
ក្រុមការងាររួមជាមួយអាជ្ញាធរសហការនឹងកំលាំងសមត្ថកិច្ចស្រុក បានចុះផ្ទាល់ទៅចូលរួមក្នុងពិធីឈាបនកិច្ច តាមប្រពៃណីព្រះពុទ្ធសាសនា ជាមួយគ្រួសារសពតាំងពីពេលដែលសព ត្រូវបានបញ្ជូនមកដល់ផ្ទះវិញ រហូតដល់ពិធីបូជាសពក្នុងពេលយប់ថ្ងៃចន្ទទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ។
លោក ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ និងសហការី ព្រមទាំងប្រធានក្រុមប្រឹក្សាស្រុកអភិបាល អភិបាលរងស្រុក និងមន្ត្រីរាជការ កំលាំងនគរបាល ដែលបានចូលរួមផ្ទាល់ក្នុងពិធីបុណ្យសពជនរងគ្រោះបានពាំនាំនូវសមានចិត្ត និងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់រាជរដ្ឋាភិបាលជូនចំពោះគ្រួសារសព។ ក្នុងឱកាសនោះ ក្រុមការងារក៏បានឧបត្ថម្ភដល់គ្រួសារសពក្នុងមួយគ្រួសារចំនួន០២លានរៀលផងដែរ៕