(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានផ្ញើសាររំលែកទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត ដោយឧបទ្ទវហេតុ រលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ។
ស្ថានទូតអាមេរិកបានបញ្ជាក់តាមរយៈ Facebook របស់ខ្លួនយ៉ាងដូច្នេះថា៖ «ស្ថានទូតអាមេរិកនៅភ្នំពេញមានការក្រៀមក្រំចិត្តយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ជីវិត នៅទីក្រុងព្រះសីហនុ ដោយសារការរលំអាគារ។ យើងសូមសម្តែងសមានទុក្ខដោយស្មោះ ចំពោះអ្នកដែលបាត់បង់សមាជិកគ្រួសារ និងមិត្តភក្តិ នៅក្នុងគ្រោះថ្នាក់នេះ»។
សូមបញ្ជាក់ថា ការចាត់វិធានការដកតំណែងមន្រ្តីខាងលើ បានធ្វើឡើងបន្ទាប់ពីមានករណីរលំបាក់អគារកម្ពស់៧ជាន់មួយ នៅខេត្តព្រះសីហនុ កាលពីទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសរាប់សិបនាក់។
គិតត្រឹមល្ងាច ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ចំនួនអ្នកស្លាប់ដែលត្រូវបានកាយឃើញបានកើនដល់២៨នាក់ និងអ្នករបួស២៦នាក់ ក្នុងករណីរលំបាក់អគារខាងលើនេះ។
បើតាមក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តព្រះសីហនុ គឺសំណង់អគារនេះ មិនមានច្បាប់អនុញ្ញាតនោះទេ ហើយក៏ធ្លាប់ត្រូវបានហាមឃាត់មិនឱ្យសាងសង់ចំនួន២ដងរួចទៅហើយ៕