(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី យឹម ណុលឡា ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងមន្រ្តីក្រោមឱវាទនៃអគ្គលេខាធិការដ្ឋាន នៅព្រលប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារ សាច់ញាតិ ជនរងគ្រោះក្នុងឧបទ្ទេវហេតុដ៏សោកសង្រេង ក្នុងខេត្តព្រះសីហនុ។
នៅក្នុងសារលិខិតរំលែកទុក្ខ ថ្នាក់ដឹកនាំក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានបង្ហាញ ពីការរន្ធត់តក់ស្លុតនៅពេលបានទទួល នូវព័ត៌មានពាក់ព័ន្ធនឹងការបាក់រលំអគារកំពស់៧ជាន់ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅក្រុងព្រះសីហនុ ដែលបង្កឱ្យមានការបាត់បង់អាយុជីវិត និងរងរបួសដល់បងប្អូនកូនក្មួយជនរួមជាតិ ដែលជាកម្មករ កម្មការិនីបម្រើការងារ នៅក្នុងការដ្ឋាននោះ។
សោកនាដកម្មបាក់រលំអគារនេះ បានបង្កជាទុក្ខព្រួយដ៏ក្រៀមក្រំជាទីបំផុតនិងសែនសោកស្តាយយ៉ាងក្រៃលែងចំពោះក្រុមគ្រួសារនិងញាតិមិត្ត។ ដូច្នេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ និងញាតិមិត្តរបស់ពួកគាត់ដែលបានបាត់បង់សមាជិករបស់ខ្លួន នៅក្នុងហេតុការណ៍ ដ៏សង្វេគសោកសៅជាពន់ពេកនេះ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ អ្នកដែលបានបាត់បង់ជីវិតទាំងអស់នោះ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងជូនពរដល់អ្នកដែលរងរបួសកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ សូមឱ្យឆាប់ជាសះស្បើយ ដើម្បីអាចប្រកបជីវភាពរស់នៅប្រចាំថ្ងៃជាប្រក្រតីឡើងវិញ៕
ខាងក្រោមនេះ ជាសារលិខិតរំលែកទុក្ខរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌៖