(ភ្នំពេញ)៖ អគារសមាគមនិកាយចិនទៀជីវ និងអគារសាកលវិទ្យាល័យទួនហ្វា នឹងចេញរូបរាងនាពេលដ៏ខ្លីខាងមុខនេះ ដើម្បីបម្រើឱ្យសកម្មភាពសមាគមនិកាយចិនទៀជីវ និងការបណ្តុះបណ្តាល ធនធានមនុស្ស តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បណ្ដុះបណ្ដាលធនធានមនុស្សដើម្បី អភិវឌ្ឍន៍ប្រទេសឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន។
អគារសមាគមនិកាយចិនទៀជីវ និងអគារសាកលវិទ្យាល័យទួនហ្វា គ្រោងចំណាយថវិកាលើការសាងសង់ប្រមាណ ១០លានដុល្លារ ដោយបានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលាដើម្បីបើកការ ដ្ឋានសាងសង់ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី, លោក លី ជា ធារៈធារី នៃស្ថានទូតចិនប្រចាំកម្ពុជា, លោក ឡាវ ម៉េងឃីន ប្រធានសមាគមនិកាយចិនទៀជីវ និងលោកស្រី ជឹង សុភាព អនុប្រធានកាកបាទក្រហមកម្ពុជា និងលោក ពុង ឃាវសែ ប្រធានសម្ព័ន្ធខ្មែរចិនប្រចាំប្រទេសកម្ពុជា។
លោក ឃួង ស្រេង បានលើកឡើងថា អគារសមាគមននិកាយចិនទៀជីវ និងអគារសាកលវិទ្យាល័យទួនហ្វា មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ លោកបន្តថា «ដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនទៅមុខថែមទៀត ដាច់ខាតត្រូវតែមានធនធានមនុស្សដ៏ល្អ។ ដូច្នេះទេក្មួយៗ ទាំងអស់ត្រូវខិតខំរៀនសូត្រឲ្យក្លាយជាទំពាំងស្នងឫស្សីដ៏ល្អ»។
លោកបន្តទៀតថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបើកទូលាយឲ្យមានសាលារៀន បង្រៀនស្ទើរគ្រប់ភាសា ដោយហេតុថា ភាសាគឺជាយានមួយក្នុងការទំនាក់ទំនងរវាងប្រទេសមួយទៅប្រទេសមួយ។ អនុវត្តតាមយុទ្ធសាស្រ្តផ្លូវមួយ ខ្សែក្រវ៉ាត់មួយកម្ពុជា-ចិន បានបង្កើនការបណ្តុះបណ្តាល ការអប់រំ វប្បធម៌ និងទេសចរណ៍ កាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ បន្ថែមពីលើនេះទៀតកម្ពុជា បានបើកទូលាយឱ្យគ្រប់សមាគមន៍ សហគមន៍អង្គការមិនមែនរដ្ឋាភិបាលធ្វើសកម្មភាព ដើម្បីជំរុញឲ្យប្រទេសកម្ពុជា ជាប្រទេសមួយប្រកាន់ទៅដោយលទ្ធិប្រជាធិបតេយ្យ។
លោក ឡាវ ម៉េងឃីន ក្នុងឱកាសនោះ បានបញ្ជាក់ថា អគារសមាគម និងសាលាខាងលើ នឹងត្រូវចំណាយថវិកាប្រមាណ ១០លានដុល្លារសហរដ្ឋអាមេរិក លើផ្ទៃដីជាង ១៣០០០ម៉ែត្រការ៉េ ដើម្បីបម្រើអោយសកម្មភាពសមាគមនិកាយចិនទៀជីវ និងការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងសាលាទួនហ្វា ហើយសាលានេះនឹងសាងសង់អគារ កំពស់៦ជាន់ (២អគារ) សាងសង់អគារសំរាប់សិស្សានុសិស្សក៏ដូចជាលោកគ្រូ ស្នាក់នៅ មានកំពស់ ៨ជាន់ផងដែរ។ សមិទ្ធផលទាំងនេះគឺពិតជាបានមកពីការរួមចំណែក ពីបងប្អូនសមាគមចិនទាំងអស់គ្នា៕