(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានទទួលជួបគណ:ប្រតិភូ ដែលអញ្ជើញមកពីក្រុមហ៊ុនស៊ីភី វៀតណាម ដឹកនាំដោយលោក ឡេ ស៊ឹងវួយ និងសហការី ដើម្បីសម្តែងការគួរសមក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជា និងពិភាក្សាការងារទាក់ទងកិច្ច សហប្រតិបត្តិការ លើវិស័យផលិតកម្មជ្រូក រវាងប្រទេសទាំងពីរ។
នាឱកាសនេះ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលក្រុមហ៊ុនស៊ីភីវៀតណាម សម្រេចបាននាពេលកន្លងមកទាំងការងារផលិតកម្ម និងបសុព្យាបាល និងជាពិសេសថ្មីៗនេះ បានទប់ស្កាត់ការរាលឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្នុងកសិដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ មេរៀន និងបទពិសោធន៍ដ៏ល្អៗទាំងអស់នេះ កម្ពុជានឹងរៀនសូត្រតាម ដើម្បីជាទុនក្នុងការលើកតម្កើងផ្នែកបច្ចេកទេសទាំង ការងារផលិតកម្ម និងបសុព្យាបាល ជាពិសេសយន្តការនៃការទប់ស្កាត់ និងលុបបំបាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកដ៏កាចសាហាវនេះ។
ព្រមជាមួយនឹង ភាពជោគជ័យដែលក្រុមហ៊ុនស៊ីភីវៀតណាម សម្រេចបានលោករដ្ឋមន្រ្តីបានស្នើឲ្យក្រុមហ៊ុមពិចារណា ពង្រីកការវិនិយោគមកកម្ពុជា ដោយសហការជាមួយក្រុមហ៊ុនស៊ីភីកម្ពុជា ដើម្បីបង្កើនផលិតកម្មជ្រូកសាច់ ក្នុងស្រុកធានាដល់ចំនួនផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ ធានាគុណភាព និងសុវត្ថិភាពសាច់គ្មានជំងឺឆ្លងមួយវិញទៀត ការវិនិយោគនេះ អាចជួយបង្កើតការងារជូនប្រជាពលរដ្ឋ និងជាពិសេសប្រើប្រាស់វត្ថុធាតុដើម ក្នុងស្រុកឲ្យអស់លទ្ធភាព។
កិច្ចប្រជុំនាថ្ងៃនេះ ភាគីទាំងពីរបានឯកភាពឲ្យ អគ្គនាយកដ្ឋនាសុខភាពសត្វ និងផលិតកម្មសត្វ ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅក្រុមហ៊ុនស៊ីភីវៀតណាម ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់បន្ថែម ពីការងារបច្ចេកទេសចិញ្ចឹម ការផលិតចំណី និងជាពិសេសយន្តការនៃការការពារ និងទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលក្រុមហ៊ុនបានអនុវត្តនាពេលកន្លងមក ហើយទទួលបានជោគជ័យ៕