(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអំពាវនាវដល់កងកម្លាំងទាំងអស់ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចូល រួមគោរពច្បាប់ចរាចរទាំងអស់គ្នា និងបានក្រឿនរំលឹកថា ប្រសិនបើគ្រឿងញៀនវាយលុក នៅក្នុងជួរកងទ័ពនោះវានឹងផ្ដល់គ្រោះថ្នាក់យ៉ាងខ្លាំងដល់ប្រទេសជាតិជាក់ជាមិនខាន។
ការលើកឡើងបែបនេះរបស់លោក សុខ លូ បានធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលោកបានអញ្ជើញបិទ វគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីកងអនុសេនាតូច-កងអនុសេនាធំ (ខ.ម) ថ្មើរជើង និងយុទ្ធដំណើរទ័ព ឱ្យនាយទាហាន នាយទាហានរង និងពលទាហាន របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំណុះយោធភូមិភាគទី៤ នៅទីបញ្ជាការ កងវរសេនាតូចលេខ១ ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ដែលមានអ្នកចូលរួមសរុបប្រមាណ៥០០នាក់។
នៅក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត ក៏បានលើកឡើងដែរថា ពេលនេះប្រទេសមានសុខសន្តិភាព យើងមិនត្រូវភ្លេចខ្លួនបណ្ដោយ ឱ្យវិស័យកងទ័ពមិនរៀបរយ មិនហ្វឹកហាត់ជំនាញបន្ថែមនោះទេ។ ជាក់ស្ដែង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តែងតែផ្ដល់វគ្កហ្វឹកហ្វឺន ដល់កងទ័ពជារៀងរាល់ឆ្នាំ ធ្វើឱ្យពីមួយថ្ងៃទៅមួយថ្ងៃ កងកម្លាំងរបស់យើងកាន់តែរឹងមាំ ហើយសម្ភារៈសឹកទៀតសោធ កាន់តែមានការរីកចម្រើន ជាបន្តបន្ទាប់។
លោកបានបន្តទៀតថា ប្រទេសមានសុខសន្តិភាពការហ្វឹកហាត់ដល់កងទ័ពមិនអាចចោលបានទេ យើងមិនចាំទាល់តែប្រទេសមានសង្គ្រាម បានហ្វឹកហាត់នោះទេ។ កងទ័ពត្រូវមានភក្ដីភាព ចំពោះបងប្អូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងប្រទេសជាតិ។ កងកម្លាំងតំបន់ប្រតិបត្តិការសឹករង កំពង់ធំកន្លងមក បានធ្វើការងារមនុស្សធម៌ជាច្រើន ហើយសូមបន្តធ្វើអំពើល្អនេះតទៅទៀត និងចូលរួមគាំទ្រ គោរពតាមបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការថែរក្សាសុខសន្តិភាពនេះ ឱ្យបានយូរអង្វែង។
សូមជម្រាបថា វគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីនេះ មានរយៈពេល៤៥ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី១១ ខែឧសភាឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន១០០នាក់។ ការហ្វឹកហ្វឺនបំប៉នដល់កងកម្លាំងនាពេលនេះ ដើម្បីជាការពង្រឹងនូវសមត្ថភាពប្រយុទ្ធ ពង្រឹងវិន័យសណ្តាប់ធ្នាប់ សីលធម៌ ការគោរពច្បាប់ ការអនុវត្តតួនាទីក៏ដូចជាការពង្រឹងឆន្ទៈប្រយុទ្ធ មានភាពស្មោះត្រង់ និងប្ដេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ការពារសន្តិភាពឱ្យបានគង់វង្ស៕