(ភ្នំពេញ)៖ នៅព្រឹកទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព លោកឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានដឹកនាំគណៈប្រតិភូបើកកិច្ចប្រជុំ ជាមួយតំណាងក្រុមហ៊ុន ដែលធ្វើអាជីវកម្មលើវិស័យទេសចរណ៍ ដំណើរធម្មយាត្រាហាជ្ជទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការគ្រប់គ្រងកម្មវិធីហាជ្ជ ដើម្បីមានតម្លាភាព សវត្ថិភាព សុក្រិត ជូនចំពោះបងប្អូនដែលធ្វើដំណើរ ទៅបំពេញកាតព្វកិច្ច ហាជ្ជ និងអុំរ៉ោះ ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រីតំណាងក្រសួងស្ថាប័នមួយចំនួន និងតំណាងក្រុមហ៊ុនចូលរួម។
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងទៅកាន់អង្គប្រជុំទាំងមូលថា ដោយពុំទាន់មានស្ថានទូតនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតផង ហើយអង្គកាសមាគម ជួបបញ្ហាលំបាកក្នុងការទំនាក់ទំនងគ្នា តាមរយៈរាជរដ្ឋភិបាល នៃប្រទេសទាំងសងខាងផង បានធ្វើឲ្យមានបញ្ហាមួយចំនួន ដែលបង្កផលលំបាក ទៅដល់បងប្អូនដែលធ្វើដំណើរទៅទីនោះ។
ហេតុនេះអនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តែងតែបានចុះជួយដោះស្រាយរឿងនេះ ក្នុងរយៈពេលកន្លងមក ដូចនេះលោកនឹងធ្វើការស្នើសុំពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋភិបាល សុំឲ្យមានជាអគ្គកុងស៊ុល កុងស៊ុលកិត្តិយស ឬឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងគ្នា។
លោកបន្តថា ដោយបានសិក្សាស្វែងយល់ពីប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ដូចជាប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី ប្រទេសសិង្ហបុរី ប្រទសថៃ លោកក៏នឹងស្នើសុំជាគោលការណ៍ទៅសម្តេច ជាថ្មីម្តងទៀត ដើម្បីបង្កើតជាស្ថាប័នមួយ ជ្រើសរើស និងគ្រប់គ្រងហាជ្ជ ដែលប្រទេសទាំងនេះ មានបទពិសោធន៍ពេញលេញ ក្នុងការគ្រប់គ្រងកិច្ចការហាជី ជាពិសេសប្រទេសសិង្ហបុរី បានបង្កើតស្ថាប័ននេះរយៈពេល៥០កន្លងមកហើយ។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាល លោកតែងតែបានដោះស្រាយនូវបញ្ហាជាច្រើន ជាពិសេសនាពេលកន្លងមកពាក់ព័ន្ធ នឹងចំនួនកូតាអ្នកទៅធ្វើហាជ្ជ ដែលរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានដាក់កម្រិតសម្រាប់ប្រទេសកម្ពុជាមានតែ ៥០០នាក់ ទៅ៦០០នាក់ប៉ុណ្ណោះ។
ដោយកត្តាកូតានេះ កាលពីឆ្នាំ២០១៥ បងប្អូនយើងបានខកខានមិនអាចទៅចូលរួមប្រមាណ៥០០នាក់ ហើយមានអ្នកដែលចុះឈ្មោះច្រើនរយនាក់ មិនត្រូវបានទទួលទិដ្ឋាការ។ ដូច្នេះហើយ សម្តេចតេជោ បានចាត់ឲ្យលោក អូស្មា ន ហាស្សាន់ ដែលជាសេនាធិការ ដើម្បីធ្វើការទំនាក់ទំនងជាមួយក្រសួងហាជ្ជី នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាបន្ទាន់។
បន្ទាប់ពីបានពិនិត្យមើលជាក់ស្តែង ដែលកម្ពុជាធ្លាប់បានជួបប្រទះនូវសង្គ្រាម ខកខានមិនបានចូលរួមប្រតិបត្តិបុណ្យហាជ្ជជាង២០ឆ្នាំ ក្រោយមក សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យមានសុខសន្តិភាព ព្រមទាំងសុខដុមបនីយកម្មផ្នែកសាសនា ទើបក្រសួងហាជ្ជី នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានសម្រេចលើកលែងការកម្រិតកូតា រហូតមកដល់បច្ចុប្បន្ន ។
ឆ្នាំ២០១៩ ដោយមានការអនុគ្រោះច្រើននៃចំនួនកូតាផង ព្រមទាំងកត្តាសន្តិភាពរបស់កម្ពុជា និងសេដ្ឋកិច្ចរីកចម្រើនជាបន្តបន្ទាប់ បងប្អូនខ្មែរឥស្លាមដែលគ្រោង នឹងអញ្ជើញទៅចូលរួមបុណ្យហាជ្ជ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត មានចំនួន១,២០០ ដែលមានឈ្មោះរួចនៅក្នុងក្រុមហ៊ុន ចំណែកឯប្រមាណ៣០០នាក់ទៀត ត្រូវបានក្រុមហ៊ុនបដិសេធ ព្រោះលើសកូតា មានន័យថា កើនឡើងប្រមាណ៤៩២នាក់ បើធៀបនិងឆ្នាំ២០១៨ ដែលមានចំនួន១,០០៨នាក់ ដោយចំណាយទឹកប្រាក់សរុប ៣,៦លានដុល្លារ ហើយក្នុងឆ្នាំ២០១៧ គឺមានតែ៦៤៤នាក់តែប៉ុណ្ណោះដោយកត្តា នៃការផ្លល់អនុគ្រោះកំណត់កូតាមានចំនួនតិច។
ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់អ្នកកាន់សាសនាឥស្លាម ដែលជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទីប្រមាណ៣លានអ្នក អញ្ជើញទៅប្រារព្ធបុណ្យនេះនៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត។ ដោយឡែកនៅឆ្នាំ២០១៩នេះ ពិធីបុណ្យនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៩ ខែសីហា រយៈពេលមួយសប្តាហ៍ សម្រាប់អ្នកដែលគ្មានលទ្ធភាព ការទៅធ្វើបុណ្យនេះ មិនជាប់ជាកាតព្វកិច្ចសម្រាប់គេទេ៕