(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងមន្ត្រីរាជការទាំងអស់របស់ព្រឹទ្ធសភា នៃកម្ពុជា បានផ្ញើសាររំលែកទុក្ខ ចំពោះក្រុមគ្រួសារជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់ ៧ជាន់ សង្កត់លើស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងសាររំលែកទុក្ខនេះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍ថា «ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅ ប្រកបដោយសេច ក្តីសង្វេតជាពន់ពេក ជាមួយក្រុម គ្រួសារ និងសាច់ញាតិដែលបានបាត់បង់សមាជិករបស់ខ្លួន នៅក្នុងហេតុការណ៍ដ៏សោកសៅ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ បងប្អូន និងកូនក្មួយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងសូមជូនពរដល់បងប្អូន កូនក្មួយ ជាជនរងគ្រោះដែលកំពុងសម្រាកព្យាបាលរបួស សូមបានឆាប់ជាសះស្បើយ និងបានវិលមក ប្រកបជីវភាពរស់នៅជាធម្មតាឡើងវិញ»។
ក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា គិតត្រឹមម៉ោង០៤៖១៥នាទី រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ រកឃើញមនុស្សចំនួន៤នាក់ទៀតហើយ ប៉ុន្ដែ២នាក់បានបាត់បង់ជីវិត ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់២៨នាក់ និងអ្នករបួស២៦នាក់ នៅក្នុងគំនរបាក់បែកនៃអគារ៕