(កំពង់ចាម)៖ លោកឧត្តមសេនីទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងសទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ រួមជាមួយ លោក បាន ស្រេង អភិបាលរងស្រុកស្ទឹងត្រង់ បានធ្វើជាអធិបតី ក្នុងពិធីប្រកាសលោក ពៅ លឹមស៊ាង ជាអធិការរង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។
សមាសភាពចូលរួមក្នុងពិធីប្រកាសនេះដែររួមមាន លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង នាយការិយាល័យ តំណាងបញ្ជាការសឹករងស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុក ព្រមទាំងអធិការ-អធិការរងស្រុក រហូតដល់មន្រ្តីចំនួន៦០រូប។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានលើកយកអនុសាសន៍ចង្អុលដឹកនាំរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងការអនុវត្តការងារប្រចាំថ្ងៃ ក្នុងគោលដៅរក្សាសន្តិសុខ សុវត្ថិភាពនៅមូលដ្ឋាន ប្រកាន់ខ្ជាប់ជានិច្ចនូវយុទ្ធនាការទាំង១១ចំណុច និងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩យ៉ាង។ ពិសេសរក្សាឲ្យបាននូវចំណាត់ថ្នាក់លខ១ ការប្រឡងប្រងណាំងភូមិ-ឃុំ មានសុវត្ថិភាពបន្តទៀត។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏ផ្ដល់ការណែនាំឲ្យនាយនគរបាល ដែលត្រូវបានតែងតាំងតួនាទីថ្មីត្រូវ ពង្រឹង និងពង្រីកចំណេះជំនាញបន្ថែម ដើម្បីបំពេញភារកិច្ចថ្មីឲ្យបានល្អប្រសើរ ឲ្យសាកសមទៅនឹងការទុកចិត្តរបស់ថ្នាក់ដឹកនាំប្រគល់ជូន៕