(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ជំនួយមនុស្សធម៌របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងកម្មវិធីប្រយុទ្ធនឹងឆ្លង តាមរយៈ ការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធស្វែងរកមេរោគឲ្យបានឆាប់រហ័ស និងប្រព័ន្ធតាមដានត្រួតពិនិត្យការឆ្លងរោគថ្មី ការគាំទ្រប្រព័ន្ធតាមដានជំងឺឆ្លងផ្សេងៗ ក៏ដូចជាចាត់វិធានការពេល មានការរាតត្បាតម្តងៗ និងជាពិសេសគឺការអភិវឌ្ឍធនធានមនុស្ស គឺបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការជួយកាត់បន្ថយអត្រាឈឺ និងស្លាប់ របស់ប្រជាជនកម្ពុជា។
លោកសាស្រ្តាចារ្យ អេង ហួត បានថ្លែយ៉ាងដូចនេះ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់មេដាយ មុនីសារាភ័ណ្ឌ ថ្នាក់ សេនា ជូនលោកបណ្ឌិត Didier FONTENILLE នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅទីស្តីការក្រសួងសុខាភិបាល។ ពិធីនេះក៏មានការចូលរួមពី លោកស្រី វ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា រួមទាំងលោក លោកស្រី អនុរដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ជាច្រើនរូបផងដែរ។
លោកសាស្រ្តាចារ្យ អេង ហួត បានថ្លែងថា ក្នុងនាមក្រសួងសុខាភិបាល និងក្នុងនាមលោកផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានផ្តល់ការគាំទ្រ ទាំងថវិកា ទាំងបច្ចេកទេសដល់ក្រសួងសុខាភិបាល ចាប់តាំងពីឆ្នាំ១៩៩២មក។ ជំនួយសហប្រតិបត្តិការនេះ គឺដើម្បីធានានិរន្តរភាពកម្មវិធីប្រយុទ្ធនឹងឆ្លង តាមរយៈការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធស្វែងរកមេរោគឲ្យបានឆាប់រហ័ស និងប្រព័ន្ធតាមដាន ត្រួតពិនិត្យការឆ្លងរោគថ្មី ការគាំទ្រប្រព័ន្ធតាមដានជំងឺឆ្លងផ្សេងៗក៏ដូចជា ចាត់វិធានការពេលមានការរាតត្បាតម្តងៗ និងជាពិសេសគឺការអភិវឌ្ឍធនធានមនុស្សផងដែរ។
លោកសាស្រ្តាចារ្យ អេង ហួត បានបន្ថែមទៀតថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ លោកបណ្ឌិត Didier FONTENILLE បានដឹកនាំវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សម្រេចបានលទ្ធផលធំៗជាច្រើនដូចជា ផ្នែកសុខភាពសាធារណៈ ផ្នែកស្រាវជ្រាវវិទ្យាសាស្ត្រ ផ្នែកអប់រំ និងអភិវឌ្ឍធនធានមនុស្សកម្ពុជា។ កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងក្រសួងសុខាភិបាល និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បាននឹងកំពុងចូលរួមចំណែកយ៉ាងធំធេង ក្នុងការជំរុញការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។ សមិទ្ធផលទាំងអស់នេះ បានកើតមានឡើងសារតែមានការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគាំទ្រយ៉ាងពេញទំហឹង និងបានផ្តើសិទ្ធអទិភាពដល់វិស័យសុខភិបាល ព្រមទាំងបានពង្រឹងកិច្ចសហប្រតិបត្តិការអន្តរវិស័យ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ទាំងអស់រួមទាំងវិស័យឯកជនផងដែរ។
លោកក៏បាន អំពាវនាវឱ្យវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បន្តផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀត មកដល់វិស័យសុខាភិបាល ដែលនឹងចូលរួមចំណែក ព្រមទាំងបង្កើនគុណភាពនៃជីវិតរបស់ប្រជាជនកម្ពុជា ហើយក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកបណ្ឌិត Didier FONTENILLE ដែលបានបញ្ចប់បេសកកម្ម ប្រកបដោយជោគជ័យព្រមទាំងសហការីរបស់លោកបណ្ឌិតទាំងអស់ ដែលបានគាំទ្រដល់វិស័យសុខាភិបាលនៅកម្ពុជាផងដែរ៕