(ភ្នំពេញ)៖ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០១៩ នេះបានចូលរួមឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់ជនរងគ្រោះពីហេតុការណ៍បាក់រលំអាគារនៅខេត្តព្រះសីហនុ។
ការឧបត្ថម្ភនេះធ្វើឡើងស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយពីមានហេតុការណ៍បាក់រលំអគារកំពុងសាងសង់កម្ពស់៧ជាន់ នៅក្នុងសង្កាត់៤ ខេត្តព្រះសីហនុ កាលពីព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។
ក្រោយហេតុការណ៍បាក់រលំអគារនេះកើតឡើង លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលកំពុងចូលរួមក្នុងសិក្ខាសាលាសប្បុរសធម៌ជាមួយសិស្សនិស្សិត នៅក្នុងខេត្តបាត់ដំបង បានបង្ហាញអារម្មណ៍សោកស្តាយជាពន់ពេក ចំពោះហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះ។ ភ្លាមៗលោកក៏បានណែនាំដល់បុគ្គលិកពាក់ព័ន្ធ ដើម្បីរៀបចំថវិកាបរិច្ចាគ និងចូលរួមគាំពារដល់ជនរងគ្រោះជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមដែលអាចធ្វើបាន៕