(ព្រះសីហនុ)៖ នៅវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាកចេញពីកន្លែងកើតហេតុ ឆ្ពោះទៅកាន់មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ដើម្បីសួរសុខទុក្ខ និងពិនិត្យមើលដោយផ្ទាល់ ចំពោះជនរងគ្រោះដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យដោយសារការបាក់រលំអគារកម្ពស់៧ជាន់។
ក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា គិតត្រឹមម៉ោង០៤៖១៥នាទី រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ រកឃើញមនុស្សចំនួន៤នាក់ទៀតហើយ ប៉ុន្ដែ២នាក់បានបាត់បង់ជីវិត ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់២៨នាក់ និងអ្នករបួស២៦នាក់ នៅក្នុងគំនរបាក់បែកនៃអគារ។
តុល្យការចុងក្រោយ នៃឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ (ស្រី៤នាក់) ហើយអ្នករងរបួសចំនួន២៦រូប (ស្រី២នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីត្រឡប់មកពីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ ដល់មាតុភូមិកម្ពុជាវិញ មិនបានប៉ុន្មានម៉ោងផង ក៏ធ្វើដំណើរទាំងយប់ឆ្ពោះទៅកាន់ក្រុងព្រះសីហនុ ដើម្បីពិនិត្យមើលស្ថានភាព នៃការជួយសង្គ្រោះមនុស្សចេញពីគំនរអគារដែលបាក់រលំអគារ ដែលកើតឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងក្រុងព្រះសីហនុ៕