(កំពង់ស្ពឺ)៖ នៅថ្ងៃចន្ទ ទី ២៤ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៤៤៨គ្រួសារ រស់នៅឃុំចំនួន ៧ នៃស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ លោកស្រី អគ្គលេខាធិការរងទី ១ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងនាំយកអំណោយសម្រាលការលំបាកសម្រាប់ចែកជូនប្រជាពលរដ្ឋទាំងអស់ ដែលអំណោយទាំងនេះទទួលបានពីសប្បុរសជនជាពិសេសក្នុងឱកាសទិវា ពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។

ជាមួយគ្នានេះ លោកស្រី អគ្គលេខាធិការរងទី ១ បានពាំនាំសារអំពាវនាវរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ថែទាំសុខភាព ជាពិសេស ស្ត្រី កុមារ ទារក និងមនុស្សវ័យចាស់ ត្រូវពិសាទឹកឆ្អិន និងសម្រាន្តក្នុងមុង ជានិច្ច ដេីម្បីជៀសវាងជំងឺគ្រុនឈាមដែលកំពុងរាលដាលលេីមនុស្សគ្រប់វ័យ។ ត្រូវជៀសឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង និងល្បែងស៊ីសង ដែលជាប្រភពនៃអំពេីហិង្សា ចោរកម្ម សម្លាប់មនុស្ស ។ល។ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងបេីកបរដោយប្រុងប្រយ័ត្ន ពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងហាមដាច់ខាតការបេីកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ បានថ្លែងអំណរគុណនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរ និងផ្សារភ្ជាប់ជានិច្ចជាមួយសុខទុក្ខ របស់ប្រជាពលរដ្ឋដោយក្តីមេត្តា ករុណា និងគ្មានការរេីសអេីងអ្វីឡេីយ។

អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង ១ ក្រមា១ អាវយឺត ១ និងថវិកា ១ម៉ឺនរៀល។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានឧបត្ថម្ភក្នុងម្នាក់ ៗ នំប៉័ង ១ដេីម និងទឹកសុទ្ធ ១ដប៕