(ភ្នំពេញ)៖ អាជ្ញាធរ និងមន្ដ្រីជំនាញនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានបើកការប្រជុំបន្ទាន់មួយ ក្រោយមានការបែកធ្លាយរូបភាពមិនប្រក្រតី នៅលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងព្រះចៅអធិការវត្តពោធិ៍ចិនតុង និងស្រីស្នេហ៍។
កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព ព្រះធម្មបញ្ញាមុនី សែម សុភា ព្រះអនុគណស្តីទីខណ្ឌពោធិ៍សែនជ័យ ដោយបាននិមន្តនិងអញ្ជើញ មន្ត្រីសង្ឃ និងភាគីពាក់ព័ន្ធ នៅសាលាអនុគណខណ្ឌពោធិ៍សែនជ័យ។
ក្នុងកិច្ចប្រជុំនោះ ព្រះធម្មបញ្ញាមុនី សែម សុភា មានសង្ឃដីកាថា ការបើកកិច្ចប្រជុំនេះ ដោយសារឃើញមានរូបភាពមិនប្រក្រតី ដែលបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក រឿងរូបថតរបស់ ភិក្ខុ វ៉ាន វន្លឺ ព្រះចៅអធិការវត្តពោធិសត្ថារាម (ហៅពោធិ៍ចិនតុង) និងនារីម្នាក់ ដែលបានកើតឡើងកាលពីម្សិលមិលរហូតមកទល់ថ្ងៃនេះ។
ព្រះសីលវោ ព្រហ្ម ស្ថភី ព្រះធម្មធរអនុគណ បានមានសង្ឃដីកាថា គួរតែឲ្យសាមីខ្លួនទាំងពីរបកស្រាយ អំពីរឿងហេតុដែលបានកើតឡើងមកនេះ តើវាជាការពិតដែរឬទេ? សូមឲ្យផ្តល់ចម្លើយពិតនិងស្មោះត្រង់ ដើម្បីឲ្យមានភាពងាយស្រួលដល់សាលាអនុគណដោះស្រាយ។
ភិក្ខុ វាន វន្និ បានរៀបរាប់ថា រូបភាពដែលបានបង្ហោះតាមហ្វេសប៊ុកនេះ មិនមែនជារូបពិតទេ គឺត្រូវបានគេកាត់ត ដើម្បីបង្អួចកិត្តិយសរបស់ព្រះអង្គ និងតម្លៃព្រះពុទ្ធសាសនា។
កញ្ញា លប ធីតា ជាម្ចាស់រូបដែលត្រូវបានគេបង្ហោះពេញហ្វេសប៊ុក បាននិយាយថា នាងពុំមានទំនាក់ទំនង អ្វីជាមួយលោកសង្ឃអង្គនេះទេ ហើយរូបថតទាំងនោះ ក៏មិនមែនជាការពិតដែរ គឺអ្នកដែលបង្ហោះនោះ មានចេតនាបរិហារកេរ្តិ៍បង្អួចកិត្តិយសនាងខ្ញុំ និងក្រុមគ្រួសារ។ នាងខ្ញុំសូមបដិសេធទាំងស្រុង ចំពោះរូបថតមិនពិតទាំងអស់នេះ។
បន្ទាប់មក ព្រះវិស្ព្វានុញាណ ផល ស្នា មានសង្ឃដីកា បន្តថា៖ ជុំវិញការលើកឡើងរបស់សាមីខ្លួនទាំងពីរខាងលើនេះ គឺបញ្ជាក់ថា រូបថតដែលបង្ហោះនៅលើហ្វេសប៊ុកមិនមែនជាការពិតទេ គឺមានជន ឬក្រុមណាមួយ មានចេតនាបង្ហោះ ដើម្បីបំផ្លិចបំផ្លាញតម្លៃព្រះពុទ្ធសាសនាតែប៉ុណ្ណោះ។
ព្រះគ្រូរតវិនយោ ជឿចិន្តា ព្រះសមុហ៍អនុគណខណ្ឌ មានសង្ឃដីកាថា បើសាមីជនទាំងពីរ មិនមានពាក់ព័ន្ធអ្វីជាមួយគ្នាទេ សូមឲ្យអ្នកទាំងពីរបង្ហោះសារឆ្លើយតបថា ខ្លួនពិតជាមិនដែលស្គាល់គ្នាទេ នៅលើបណ្តាញសង្គមហ្វេសប៊ុកនោះឡើយ ដើម្បីឲ្យមហាជនជ្រាប និងកុំឲ្យមានការយល់ច្រឡំ។
លោក ប្រាក់ ពិន ប្រធានការិយាល័យធម្មការនិងសាសនាខណ្ឌពោធិ៍សែនជ័យ បានឯកភាពតាមមតិខាងលើទាំងស្រុង។
ជាកិច្ចបញ្ចប់ ព្រះធម្មបញ្ញាមុនី ព្រះអនុគណស្តីទី បានបញ្ចប់កិច្ចប្រជុំ នៅក្នុងពេលនេះតែម្តង។ ព្រះអង្គក៏សូមឲ្យព្រះមន្ត្រីសង្ឃខណ្ឌ ជួយផ្សព្វផ្សាយដល់ព្រះសង្ឃទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះការលេងលើបណ្តាញសង្គមហ្វេសប៊ុក ដែលអាចធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃព្រះសង្ឃខ្មែរទាំងអស់ ជាពិសេសព្រះពុទ្ធ សាសនាជាសាសនារបស់រដ្ឋ ស្របតាមការដឹកនាំរបស់រាជរដ្ឋាភិបាល៕