(សៀមរាប)៖ ដើម្បីចូលចូលរួមសម្រេចក្តីស្រម៉ៃរបស់លោកតា លោកយាយចាស់ជរាក្រីក្រ នៅតាមតំបន់ជនបទ យុវជនមួយក្រុម សម្រេចចិត្តរៃអង្គាសថវិកាផ្ទាល់ខ្លួន និងប្រមូលថវិកាពីសំណាក់ សប្បុរសជននានា បានរៀបចំដំណើរកម្សាន្តរយៈពេល៣ថ្ងៃ ដល់លោកតា លោកយាយចំនួន ២៨នាក់ មកពីខេត្តកំពង់ចាម និងខេត្តព្រៃវែង ឱ្យទស្សនាប្រាង្គប្រាសាទអង្គវត្ត ព្រមទាំងស្នាក់នៅសណ្ឋាគារល្អៗ និងម្ហូបឆ្ងាញ់ពិសារអាហារផងដែរ។
ដំណើរកម្សាន្តដែលបានរៀបចំដោយក្រុមយុវជនស្ម័គ្រចិត្តខាងនេះ ចាប់ផ្តើមនៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ហើយសកម្មភាពមនុស្សធម៌។ ដោយឡែកចំពោះថវិកាដែលទ្រទ្រង់កម្មវិធី ដំណើរកម្សាន្តរបស់លោកតា លោកយាយនេះ បានមកពីជំនួយសប្បុរស និងសាធារណជនតាមរយៈលោកអាចារ្យចិត្តធម៌ បូករួមទាំងថវិកាផ្ទាល់ខ្លួនរបស់ ក្រុមយុវជនស្ម័គ្រចិត្ត មានដូចជា អ្នកស្រី សឿង សុថារី, លោក កែវ និមិត្ត, កញ្ញា លី ម៉ារី និងលោក សួន ចាន់ភារម្យ។
សម្រាប់ដំណើរកម្សាន្តរបស់លោកតា លោកយាយទាំង២៨នាក់ខាងលើ ក្រោមការជួយឧបត្ថម្ភពីសំណាក់លោកយាយឧបាសិកា ជូ និងកូនចៅ ដើម្បីបំពេញក្តីស្រម៉ៃមួយនេះ របស់លោកតា លោកយាយ ដែលពួកគាត់មិនទាន់ស្គាស់ប្រាសាទអង្គរវត្ត និងមិនដែលបានពិសារអាហារឆ្ងាញ់ៗ ព្រមទាំងមិនដែលបានសម្រាកនៅសណ្ឋាគារល្អៗ រយៈពេល៣ថ្ងៃ សម្រាប់ដំណើរកម្សាន្តនេះផងដែរ។
បើតាមតំណាងក្រុមយុវជនស្ម័គ្រចិត្ត បានឱ្យដឹងថា ជារឿយៗក្រុមរបស់ខ្លួន តែងតែចូលរួមធ្វើសកម្មភាពមនុស្សធម៌ នៅក្នុងសង្គម ដោយតែងបានចុះជួយកុមារអនាថា ជនទីទ័លក្រ និងទុរគតជននៅតាមទីជនបទ តាមរយៈផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ រួមនិងការជួយសាងសង់លំនៅឋានផងដែរ។
ការធ្វើសកម្មភាពមនុស្សធម៌នេះ ត្រូវបានចាត់ទុកសកម្មភាពមនុស្សធម៌ គឺជាសកម្មភាពមួយ ដ៏ល្អនៅក្នុងសង្គម ហើយសូមអំពាវនាវដល់យុវជន ក៏ដូចជាអ្នកមានធនធាន និងលទ្ធភាពនៅកម្ពុជា ចូលរួមធ្វើសកម្មភាពមនុស្សធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ហើយក៏ជាការចូលរួម ចំណែកជួយសង្គមជាតិ។
បន្ថែមពីនេះ ក្រុមយុវជនស្ម័គ្រចិត្ត ក៏សូមអំពាវនាវដល់សប្បុរសជនទាំងក្នុងស្រុក និងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភ ដើម្បីបំពេញក្តីស្រម៉ៃដល់លោកតា លោកយាយក្រីក្រ នៅតាមភូមិស្រុកខេត្តផ្សេងៗទៀត ដែលមិនទាន់ស្គាល់ប្រសាទអង្គរវត្ត តាមរយៈលេខទូរស័ព្ទ៖ 093 40 50 22/ 095 40 50 22៕