(ភ្នំពេញ)៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឋមានជ័យ និងលោក ទូច សំអុល ចៅសង្តាត់រងទី២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យព្រមទាំងក្រុមការងារមួយចំនួនទៀត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមពិធីបុណ្យ និងចូលរួមរំលែកទុក្ខដល់គ្រួសារ សពយុវជនម្នាក់រស់នៅខណ្ឌមានជ័យ បាត់បង់ជីវិតដោយឧបទ្ទវហេតុបាក់រលំអគារសំណង់ នៅខេត្តព្រះសីហនុ
យុវជន រិច្ឆិរ៉ា បញ្ញា ភេទ ប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹង២ ខណ្ឋមានជ័យ និងបានបាត់បង់ជីវិតដោយឧបទ្ទវហេតុបាក់រលំអគារសំណង់នៅខេត្តព្រះសីហនុ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។
នៅក្នុង ឱកាសនោះ លោក ពេជ្រ កែវមុនី ក៏បានចូលជាបច្ច័យនូវបុណ្យសពនូវ ថវិកាមួយចំនួន និងសំភារៈប្រើប្រាស់ រួមនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនដល់ ក្រុមគ្រួសារ។ ជាមួយគ្នានោះ លោក អភិបាលខណ្ឋមានជ័យ ក៏បានសម្តែងការសោកស្តាយជាពន់ពេកចំនួនសោកនាដកម្មដ៏អាក្រក់មួយនេះផងដែរ។
សូមបញ្ជាក់ថា បើគិតមកដល់រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់២៦នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញ សាកសពបុរសម្នាក់ទៀត នៅក្នុងគំនរបាក់បែកនៃអគារ។ តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤៩នាក់ ក្នុងនោះស្លាប់ចំនួន២៦នាក់ (ស្រី៤នាក់) ហើយអ្នករងរបួសចំនួន២៤រូប (ស្រី២នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្ម ស្វែងរកមនុស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត៕