(ព្រះសីហនុ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យមើលស្ថានភាព ជនរងគ្រោះចំនួន២៣នាក់ (ម្នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យលោកសង្ឃ) ដោយគំនរអគារកម្ពស់ ៧ជាន់សង្កត់លើ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំការចេក ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏បានផ្ដាំផ្ញើដល់គ្រួពេទ្យ ដែលកំពុងពិនិត្យព្យាបាលនៅទីនោះ ត្រូវតែពិនិត្យតាមដានស្ថានភាពជំងឺ របស់ជនរងគ្រោះទាំងនេះ ដោយយកចិត្តទុកដាក់ នៅពេលណាដែលអ្នកជំងឺត្រូវការ ត្រូវតែមកពិនិត្យតាមដានឲ្យបានភ្លាមៗ។
ជនរងគ្រោះទាំង ២៤នាក់ ដែលត្រូវគំនរអគារសង្កត់លើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសសម្រេចយកថវិកាជាតិ ជួយឧបត្ថម្ភដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន៥លានរៀល បូករួមជាមួយថវិកាសប្បរសជនផ្សេងទៀត និងទទួលការព្យាបាលដោយឥតគិតថ្លៃ។
សូមជម្រាបថា គិតត្រឹមម៉ោង០២៖៥០នាទីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ឧបទ្ទវហេតុរលំអគារនេះ មានចំនួនអ្នកស្លាប់ដោយគំនរអគារសង្កត់លើ បានកើនឡើងដល់ចំនួន២៦នាក់ (ស្រី៤នាក់) និងអ្នករងរបួសចំនួន២៤រូប (ស្រី២នាក់) ខណៈក្រុមជួយសង្គ្រោះរាប់រយនាក់ កំពុងបន្តប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ ស្វែងរកជនរងគ្រោះដែលសង្ស័យថា នៅកំពុងជាប់ក្នុងគំនរអាគារ៕