(ភ្នំពេញ)៖ ចោរ២នាក់ ធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបានសម្រចហើយ តែត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ ដេញតាមចាប់ឃាត់ខ្លួនភ្លាមៗបានម្នាក់ ខណៈបក្ខពួកម្នាក់ទៀតរត់គេចខ្លួន និងដកហូតយកបានកាបូប ដែលមានទាំងទូរស័ព្ទ និងប្រាក់ដុល្លារ មកប្រគល់ជូនជនរងគ្រោះវិញ។ នេះបើតាមការបញ្ជាក់ឲ្យបានដឹងពី លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ។
លោកអធិការខណ្ឌឫស្សីកែវ បានបញ្ជាក់ឲ្យដឹងទៀតថា ការដេញតាមបង្ក្រាបជនសង្ស័យជាចោរឆក់នេះ គឺបានអនុវត្តឡើងភ្លាមៗ បន្ទាប់ពីជនរងគ្រោះចេញពីកម្មវិធីឡើងគេហដ្ឋានថ្មីមួយកន្លែង ដើម្បីឈររងចាំហៅរ៉ឺម៉កជិះទៅផ្ទះវិញ ខណៈនោះក៏លិចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងមកអែប ហើយធ្វើសកម្មភាពឆក់កន្ត្រាក់កាបូប ទើបបណ្ដាលឲ្យជនសង្ស័យដួលម៉ូតូ និងព្យាយាមរត់គេចខ្លួនបាត់ភ្លាមៗម្នាក់ ប៉ុន្តែបក្ខពួកម្នាក់ទៀត មិនអាចគេចរួចឡើយ ព្រោះត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌ ដេញតាមចាប់ឃាត់ខ្លួនបាន។
លោកអធិការខណ្ឌ គល់ យី បន្តថា ការចាប់ខ្លួនជនសង្ស័យជាចោរឆក់កាបូបនេះដែរ បានធ្វើឡើងស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងក្រុមទី០៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ នាវេលាម៉ោង២០៖៣០នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។
លោកអធិការថា ជនសង្ស័យដែលឃាត់ខ្លួនក្នុងអំពើឆក់កាបូបមានឈ្មោះ សន ស៊ីនួន (ហៅអានួន) អាយុ២០ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ និងមានសារធាតុញៀន។ ឯជនរងគ្រោះឈ្មោះ ហេង សុភាព អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះជួល តាមបណ្ដោយផ្លូវលំ ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
សូមបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនជនសង្ស័យម្នាក់ យកមកឃុំខ្លួនសាកសួរតាមជុំនាញ ខណៈម្នាក់ទៀតកំពុងរត់គេចខ្លួន គឺកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កំពុងរៀបចំកសាងសំណុំរឿង ចាត់ការតាមនីតិវិធីទៅលើជនសង្ស័យ ដោយដកហូតបានកាបូប ចំនួន០១ ក្នុងនោះមានទូរស័ព្ទដៃ០១គ្រឿង ម៉ាក iPhone 7+ និងប្រាក់ដុល្លារចំនួន៦០ដុល្លារ មកប្រគល់ជូនជនរងគ្រោះវិញ៕