(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូក្រសួង មកការពារសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឲ្យកម្ពុជា ចូលជាសមាជិក នៃកិច្ចព្រមព្រៀងស្តីពី «វិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត» ជាមួយគណៈកម្មការទី០៣ និងគណៈកម្មការទី០៥ នៃរដ្ឋសភា។
កិច្ចប្រជុំនេះ ស្ថិតក្រោមសហប្រធានលោក ជា វ៉ាន់ដេត ប្រធានគណៈកម្មការទី០៣ និងលោក ឈាង វុន ប្រធានគណៈកម្មការទី០៥ និងលោក លោកស្រី ជាអនុប្រធាន សមាជិក និងសមាជិកា ជាច្រើនរូបទៀត ដែលរៀបចំធ្វើឡើង នៅវិមានរដ្ឋសភា។
ជាបឋមក្នុងនាម នៃរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួង លោករដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា ដែលបានអនុញ្ញាត ឲ្យដាក់ឆ្លងគណៈកម្មការទី៣ និងទី៥ នៃរដ្ឋសភានូវសេចក្តីព្រាងច្បាប់ខាងលើនាពេលនេះ។
ថ្លែងហេតុជូនលោកសហប្រធាន និងសមាជិក សមាជិកានៃអង្គប្រជុំ លោករដ្ឋមន្ត្រី បានជម្រាបជូនដោយសង្ខេបនូវប្រវត្តិសង្ខេប និងខ្លឹមសារសំខាន់ៗ នៃសេចក្តីព្រាងច្បាប់នេះ ដូចតទៅ៖ កិច្ចព្រមព្រៀងនេះ ត្រូវបានអនុម័តដោយសន្និសីទអង្គការ FAO ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៩ ។ បច្ចុប្បន្នមានប្រទេសចំនួន៦០ រួមទាំងសហភាពអឺរ៉ុបបានចូលរួមជាភាគីអនុវត្តកិច្ចព្រមព្រៀងនេះ ក្នុងនោះប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មានចំនួន០៥។
គោលបំណង៖ ទី១៖ ប្រយុទ្ធប្រឆាំង និងលុបបំបាត់ IUU តាមរយៈការអនុវត្តវិធានការរដ្ឋម្ចាស់កំពង់ផែ ឲ្យមានប្រសិទ្ធភាព ធានាបាននូវការអភិវឌ្ឍ អភិរក្ស ប្រើធនធានមច្ឆជាតិ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រឲ្យមាន ចីរភាពនិងនិរន្តរភាព។ ទី២៖ ធ្វើការទប់ស្កាត់ផលនេសាទ IUU ចូលទៅក្នុងទីផ្សារអន្តរជាតិ។
កិច្ចព្រមព្រៀងនេះ រួមមាន១០ផ្នែក និង៣៧មាត្រា និងត្រូវបានគណៈរដ្ឋមន្រ្តី សម្រេចយល់ព្រមក្នុងសម័យប្រជុំ ពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩។
លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានផលប្រយោជន៍សំខាន់ៗដូចជា៖ លើកកម្ពស់ការប្រយុទ្ធប្រឆាំង នឹង IUU ស្តារទំនុកចិត្តក្នុងការប្រើទង់ជាតិកម្ពុជា ដោយនាវាសហគមន៍អន្តរជាតិ កែលម្អតម្លាភាពក្នុងអភិបាលកិច្ចជលផល ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នជាតិ ដែលចូលរួមក្នុងការគ្រប់គ្រងកំពង់ផែ ជំរុញកិច្ចសហប្រតិ បត្តិការថ្នាក់តំបន់និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹង IUU សហគមន៍អន្តរជាតិទទួលស្គាល់ឆន្ទៈនយោបាយ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹង IUU ហើយកម្ពុជានឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាពបន្ថែមដើម្បីឆ្លើយតបនឹង IUU និងជាពិសេសអាចឲ្យសហភាពអឺរ៉ុបដកកាតក្រហមចេញពីកម្ពុជាផងដែរ៕