(ភ្នំពេញ)៖ ឆ្លើយតបភ្លាមៗតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យសប្បុរសជននាំគ្នាជួយឧបត្ថម្ភដល់ជនរងគ្រោះដែលស្លាប់ និងរបួសក្នុងករណីបាក់រលំអគារកំពស់៧ជាន់ នៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នោះ, នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធានមូលនិធិមូលនិធិ ហោ ណាំហុង-បូរី ហោ បានសម្រេចឧបត្ថម្ភថវិកា៨០លានរៀលជូនដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារនេះ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា «ដោយមានការសោកសង្រេងខ្លាំង អំពីមរណភាពជាច្រើននាក់ របស់ប្រជាជនយើង ក្នុងការបាក់រលំអគារនៅទីក្រុងព្រះសីហនុ ឆ្លើយតបតាមការអំពាវនាវរបស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មូលនិធិហោ ណាំហុង-បូរី ហោ បានចូលរួមថវិកាចំនួន៨០លានរៀល ដើម្បីសម្រាលទុក្ខលំបាកដ៏ក្រៀមក្រំ របស់គ្រួសារសព ដែលបានទទួលមរណភាព ដោយអនោចអធម៌បំផុត ព្រមទាំងអ្នករបួសយ៉ាងច្រើនដែរ»។
សូមជម្រាបថា គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ អ្នកស្លាប់ដោយសារគំនរអគារសង្កត់លើបានកើនឡើង២៥នាក់ និងរបួស២៤នាក់៕