(ភ្នំពេញ)៖ ឧកញ៉ា សុខ ប៊ុន រួមជាមួយមន្ដ្រី ៥នាក់ទៀត នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ត្រូវបានកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន និងបានបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធការរំលោភយកដីរដ្ឋ និងក្លែងលិខិតបន្លំយកដីអ្នកដទៃ នៅសង្កាត់កោះរ៉ុង ចន្លោះឆ្នាំ២០១៦-២០១៩។
មន្ដ្រីស៊ើបអង្កេតអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «នេះករណី ប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋធ្ងន់ធ្ងរ ជាការបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត, ការរំលោភអំណាច ប្រព្រឹត្តកាលពីអំឡុង ឆ្នាំ២០១៦-២០១៩ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ មន្ត្រីនៅកោះរុង ៥នាក់ និងអ្នករកស៊ីម្នាក់គឺឧកញ៉ា សុខ ប៊ុន ត្រូវបានជាប់អង្កេត និងត្រូវបានបញ្ជូនទៅតុលាការព្រឹកនេះ ក្រោយ អ.ប.ព ឃាត់ខ្លួនស្តាប់ចម្លើយ៧២ម៉ោង»។
យ៉ាងណាក៏ដោយ សម្រាប់បទល្មើសដែលឧកញ៉ា សុខ ប៊ុន និងមន្ដ្រីពាក់ព័ន្ធ បានប្រព្រឹត្តក្នុងរូបភាពលម្អិតបែបណានោះ មិនទាន់ត្រូវបានមន្ដ្រី ACU បញ្ជាក់នោះឡើយ៕