(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចទូទាំងខេត្ត ត្រូវមានវិធានការឲ្យបានតឹងរឹង ចំពោះក្រុមអ្នកដឹកដីរបស់ក្រុមហ៊ុនមួយចំនួន ដែលធ្វើឲ្យជ្រុះដីប្រឡាក់ពេញផ្លូវ បង្កឲ្យមានការរំខានទៅដល់អ្នកធ្វើដំណើរ ក៏ដូចជា បាត់បង់សោភ័ណភាពផ្លូវផងដែរ។
តាមរយៈអង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ លោក គួច ចំរើន បានបញ្ជាក់ថា ដើម្បីថែរក្សាសោភ័ណភាពផ្លូវ នៅក្នុងទីរួមខេត្ត ក៏ដូចជា តាមផ្លូវនានា ក្នុងភូមិ-ឃុំ-ស្រុក ដែលអាជ្ញាធរខេត្ត ខិតខំបានកសាងនោះ លោកបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ត្រូវមានវិធានការចំពោះក្រុមអ្នកដឹកដីណា ដែលធ្វើឲ្យជ្រុះដីប្រឡាក់ផ្លូវ។
លោក គួច ចំរើន បានបញ្ជាក់ទៀតថា ក្រុមអ្នកដឹកដីរបស់ក្រុមហ៊ុនណា ដែលធ្វើឲ្យជ្រុះដីនោះ ត្រូវតែឲ្យក្រុមហ៊ុននោះ ធ្វើការបោសលាងសម្អាតឡើងវិញ ព្រោះថា វាបង្កការរំខានទៅដល់អ្នកធ្វើដំណើរ។ លោកថា កុំធ្វើផ្លូវបានល្អហើយ ទៅខូចខាតដោយសារក្រុមអ្នកដឹកដីឲ្យសោះ ព្រោះថា ផ្លូវនីមួយៗ មិនមែនងាយស្រួលកសាងនោះឡើយ ដូច្នេះត្រូវតែថែរក្សាទាំងអស់គ្នា។
ជាកស្ដែង នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម និងលោក ឈួន វិបុល អភិបាលរងស្រុក ក៏បានដឹកនាំការិយាល័យជំនាញស្រុក និងមន្រ្តីប៉ុស្តិ៍រដ្ឋបាល ឃុំកោះមិត្ត បានចុះពិនិត្យ និងណែនាំឲ្យក្រុមហ៊ុន និល ចន្នី និងលោក ទេព ឆៃលីម លាងសម្អាតផ្លូវបេតុងប្រវែង១០០ម៉ែត្រ នៅចំណុចព្រំប្រទល់ ភូមិកំពង់ត្រុំលើ និងភូមិកំពង់ត្រុំក្រោម ឃុំកោះមិត្ត ផងដែរ៕