(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិយោជិត នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារ សាច់ញាតិ ជនរងគ្រោះក្នុងឧបទ្ទេវហេតុដ៏សោកសង្រេង ក្នុងខេត្តព្រះសីហនុ។
ក្នុងសារលិខិតរំលែកទុក្ខ , ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិយោជិត នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានអារម្មណ៍ក្ដុកក្ដាលជាទីបំផុត ក្រោយពីទទួលដំណឹងដ៏សោកសៅ អំពីការបាក់រលំអគារ ស្ថិតនៅក្នុងក្រុមទី១១ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានបណ្តាលឲ្យអ្នកស្លាប់ និងរបួសជាច្រើននាក់ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ។
ជាមួយដំណឹងដ៏អកុសលបំផុតនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិយោជិត នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមសំដែងនូវការសោក ស្តាយជាពន់ពេក ចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងសូមបួងសួង ឲ្យដួងវិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិយោជិត នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជូនពរដល់ជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងអស់ ឆាប់បានជាសះស្បើយកុំបីខាន។
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិយោជិត នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏សូមកោតសរសើរ និងសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅ ចំពោះក្រុមការងារជួយសង្គ្រោះ ដែលបាន លះបង់កម្លាំងកាយចិត្ត ដោយមិនខ្វាយខ្វល់ពីសុវត្ថិភាព និងការលំបាកផ្ទាល់ខ្លួន ក្នុងបេសកកម្មជួយសង្គ្រោះជនរងគ្រោះ និងសូមលើកទឹកចិត្តឲ្យបន្ត បេសកកម្មនេះ រហូតដល់ជនរងគ្រោះទាំងអស់ ត្រូវបានរកឃើញជាស្ថាពរ។
សូមជម្រាបថា ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមឲ្យសប្បុរសជនចូលរួមឧបត្ថម្ភដល់ជនរងគ្រោះដោយសារបាក់រលំអគារនេះ នៅថ្ងៃនេះ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកជំទាវ បានឧបត្ថម្ភថវិកា២០០០ដុល្លារ៕