(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានណែនាំឲ្យបញ្ចេញថវិកាដើម្បីចូលរួមបុណ្យសព អ្នកស្លាប់ក្នុងឧបទ្ទេវហេតុដ៏សោកសង្រេង នៅខេត្តព្រះសីហនុ ដោយក្នុងមួយសពចូលបុណ្យ ២លានរៀល។
តាមសេចក្ដីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានជូនដំណឹងដល់ ដល់ថ្នាក់ដឹកនាំមន្ទីរត្រូវរៀបចំប្រតិភូដើម្បីចូលរួមរំលែកទុក្ខ និងពិធីបុណ្យសព ព្រមទាំងនាំបច្ច័យបុណ្យសពរបស់លោករដ្ឋមន្ដ្រី ចំនួន២លានរៀល ក្នុងមួយសពនេះផងដែរ។
ជាមួយគ្នានេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារ សាច់ញាតិ ជនរងគ្រោះក្នុងឧបទ្ទេវហេតុដ៏សោកសង្រេង ក្នុងខេត្តព្រះសីហនុ។
ក្នុងសារលិខិតរំលែកទុក្ខ, លោក វង សូត រដ្ឋមន្ដ្រី និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានអារម្មណ៍ក្ដុកក្ដាលជាទីបំផុត ក្រោយពីទទួលដំណឹងដ៏សោកសៅ អំពីការបាក់រលំអគារ ស្ថិតនៅក្នុងក្រុមទី១១ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានបណ្តាលឲ្យអ្នកស្លាប់ និងរបួសជាច្រើននាក់ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ។
ជាមួយដំណឹងដ៏អកុសលបំផុតនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមសំដែងនូវការសោក ស្តាយជាពន់ពេក ចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងសូមបួងសួង ឲ្យដួងវិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមជូនពរដល់ជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងអស់ ឆាប់បានជាសះស្បើយកុំបីខាន៕